ភ្នំពេញ៖ វិស័យកីឡាស្នូកឃើរទំនងជាមានជីវិតរស់សាជាថ្មី នៅក្នុងចំណោម វិស័យកីឡាជាច្រើនដែលបាននិងកំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ជំរុញឲ្យមានសកម្មភាពយ៉ាងខ្លាំងក្លាលាមួយ រយៈពេលចុងក្រោយនេះ ដោយបានបញ្ជូនឲ្យទៅចូលរួមប្រកួតប្រជែងទាំងនៅថ្នាក់និងអន្តរជាតិជាហេតុជំរុញឲ្យលោក មួន ម៉ារ៉ា អតីតតារាចម្រៀងកម្ពុជាសម្រេចចិត្តបោះទុនវិនិយោគប្រមាណជាង២ម៉ឺនដុល្លារដើម្បីស្រោចស្រង់កីឡាស្នូកឃើរឲ្យរស់ឡើងវិញ ។ លោកមួន ម៉ារ៉ាបាននិយាយបែបនេះ ក្នុងពិធីសម្ភោធក្លិបកីឡាស្នូកឃើរ Champion កាលពីរសៀលថៃ្ងទី១៨ ខែមករា ឆ្នាំ២០១៧ ។
លោក មួន ម៉ារ៉ា បានឲ្យដឹងថា ការបង្កើតក្លិបកីឡាស្នូកឃើរឆេមពាននេះឡើងមិនមែនមានន័យថាក្នុងគោលដៅស្វែងរកប្រាក់ចំណេញនោះទេ គោដៅធំមួយគឺចង់អភិ វឌ្ឍវិស័យកីឡាស្នូកឃើឲ្យមានជីវិតរស់ឡើងវិញនៅកម្ពុជា បន្ទាប់ពីប្រភេទកីឡានេះត្រូវបានបាត់ឈ្មោះបោះសំឡេងអស់ជាច្រើនឆ្នាំ និងត្រូវលុបចេញពីបញ្ជីការ ប្រកួតថ្នាក់ជាតិផងនោះ។ ប្រធានក្លិបស្នូកឃើរថ្មីរូបនេះបានបញ្ជាក់ថា ដើម្បីធ្វើឲ្យ វិស័យកីឡាស្នូកឃើរកម្ពុជាអាចដំណើរការឡើងវិញនាពេលដ៏ខ្លីបាន “លោកនឹងស្នើសុំទៅកាន់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជននិងកីឡាដើម្បីសុំសិទ្ធិបង្កើតសហព័ន្ធកីឡាស្នូកឃើរឡើងវិញ” ។
លោកបន្តថា លោកមានបំណងសុំ សហការជាមួយថ្នាក់ដឹកនាំគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា ដើម្បីរៀបចំក្បាលម៉ាស៊ីនសម្រាប់ដឹកនាំសហព័ន្ធកីឡាស្នូកឃើរអាណត្តិទី១ ព្រមគ្នានឹងការតាក់តែងបទបញ្ជាការប្រកួតលក្ខខណ្ឌមួយចំនួនសម្រាប់ឲ្យសមាជិកចូលរួមអនុវត្តនៅពេលដែលសហព័ន្ធដំណើរការ។ ដើម្បីអភិវឌ្ឍកីឡាជាតិមួយទៅបានប្រកបដោយសក្តានុពលយើងត្រូវការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺយុវជន។ ដូច្នេះហើយលោកសង្ឃឹមថាក្លិបកីឡាស្នូកឃើរឆេមពាននេះ គឺជាចំណែកមួយក្នុងការចូល រួមអភិវឌ្ឍបណ្តុះបណ្តាលកីឡាករកីឡាការិនីថ្នាលឲ្យក្លាយជាកីឡាករជម្រើសជាតិសម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិនិងប្រកួតអន្តរជាតិនានា ៕ សារីម