ភ្នំពេញ៖ តារាចម្រៀងជាប់រហ័សនាមតារាចិត្តធម៌ លោក សន វិជ្ជបុត្រ នឹងអញ្ជើញអ្នកចម្រៀងចាប៉ីដងវែងល្បីឈ្មោះ៥រូបឲ្យជួបជុំគ្នាជាលើកដំបូងនៅផ្ទះលោកប្រាជ្ញ ឈួន នាខេត្តតាកែវ ដើម្បីជួបជុំទទួលទានអាហារសាមគ្គី និងទទួលយកអំណោយពីលោករួមនិងសិល្បករមួយចំនួនទៀត។
អ្នកចម្រៀងចាប៉ីដងវែងដែលនឹងជួបជុំគ្នាលើកដំបូងនៅថ្ងៃទី២១ខែមករានេះមានដូចជាលោកតា គង់ ណៃ លោកតាប្រាជ្ញ ឈួន លោកតាស្មៀនប៉េឬតាពូថៅដៃ លោកតាសួនសាន និងអ្នកចម្រៀងចាប៉ីដងវែងមកពីខេត្តស្វាយរៀងម្នាក់ទៀត។ ពួកគាត់នឹងមានឱកាសជួបជុំសំណះសំណាលនិងទទួលទានអាហាររួមគ្នានៅក្នុងឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដែលជាទឹកដីកំណើតនិងទីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់លោកតា ប្រាជ្ញ ឈួន។
ការប្រកាសជួយដល់អ្នកចម្រៀងចាប៉ីដងវែងនេះត្រូវបានធ្វើឡើងក្រោយពីតារាចម្រៀង សន វិជ្ជបុត្របានមើលឃើញពីទុក្ខលំបាករបស់អ្នកចាប៉ីដងវែងដែលមានវ័យកាន់តែជរា និងជីវភាពខ្វះមុខខ្វះក្រោយ។ លោកបញ្ជាក់ថា លោកបានទំនាក់ទំនងទៅកាន់អ្នកចម្រៀងចាប៉ីដងវែងទាំង៥រូបនិងបានប្រមូលពួកគាត់ឲ្យជួបជុំគ្នានៅភ្នំពេញនិងចេញដំណើរទៅកាន់លំនៅដ្ឋានរបស់លោកតាប្រាជ្ញ ឈួននៅព្រឹកថ្ងៃទី២១ខែមករានេះតាមរថយន្តមួយគ្រឿងរួមគ្នាជាមួយសិល្បករមួយចំនួនផងដែរ។ លោកបញ្ជាក់ដែរថា កម្មវីធីនេះក៏ជាការលើកទឹកចិត្តជំរុញឲ្យមានការលើកស្ទួយនិងគាំទ្របន្ថែមពីសំណាក់មហាជនចំពោះសិល្បៈចាប៉ីដងវែងដែលទើបនឹងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបិយកាលពីពេលថ្មីៗនេះ។ លោកបន្តថា អំណោយដែលលោកប្រគល់ជូននៅពេលនេះគឺជាថវិការបស់លោកផ្ទាល់ ដែលសប្បុរសជនមួយចំនួនជួយដល់រូបលោកហើយលោកចង់ធ្វើបុណ្យបន្តទៀត ក្រៅពីនេះក៏មានការរួមគ្នាជាមួយសិល្បករ និងសប្បុរសជនមួយចំនួនទៀតដូចជាកញ្ញា វី រីយ៉ា តារាសម្តែង ថៅកែហាង វីយ៉ា សាឡន, តារាសម្តែងកញ្ញា សួង សុខសារ៉ានីត, តារាចម្រៀង អេនណា និងអេមី, អ្នកស្រី ជេនី រ័ត្ន ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនសុគន្ធវឌ្ឍនៈត្រេឌីង, អតីតារាសម្តែងកញ្ញា ថាច់ ផល្លា, លោក ស្រី Linny Jay Jay CH រស់នៅប្រទេសអូស្រ្តាលី និងសប្បុរសជនមួយចំនួនទៀត។
លោកថា ព្រឹទ្ធាចារ្យ និងសិល្បករចាប៉ីដងវែងនឹងទទួលបានថវិកាសរុបម្នាក់ៗយ៉ាងតិច១០០ដុល្លារអាមេរិក រួមជាមួយនឹងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ លោកថា ទោះជាអ្វីដែលលោកនិងសប្បុរសជនរួមគ្នាជួយនៅពេលនេះមិនទាន់គ្រប់គ្រាន់នឹងតម្រូវការរបស់សិល្បករទាំងអស់ក្តី ប៉ុន្តែនេះគឺជាទឹកចិត្តដែលលោកនិងសប្បុរសជនមាន។ លោកក៏រំពឹងដែរថាប្រជាពលរដ្ឋខ្មែរនិងជួយគាំទ្រលើកទឹកចិត្តបន្តដល់សិល្បៈ ក៏ដូចជាសិល្បករផ្នែកចាប៉ីដងវែង៕ វឌ្ឍនា