ភ្នំពេញ៖ រយៈពេញ៦ខែនេះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងបង្កាបង្រ្កាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន គេឃើញថាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ខណ្ឌដូនពេញបានបន្តយុទ្ធនាការក្នុងការចាប់ប្រមូលក្រុមជនប្រើប្រាស់និងការជួញដូរនៅក្នុងមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ជាក់ស្តែងកាលពីរាត្រីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ដោយឃាត់ខ្លួនជនសង្ស័យបាន៣នាក់ថែមទៀតព្រមទាំងដកហូតវត្ថុតាងថ្នាំញៀននិងឧបករណ៍មួយចំនួនទៀត។
លោកកុល ខាន់ណារ៉ា នាយប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ខណ្ឌដូនពេញបានឲ្យដឹងថា ដោយអនុវត្តន៍តាមការបញ្ជាផ្ទាល់ពីលោកសុខ ពេញ វុធ អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាព និងលោក ហួត ចាន់យ៉ារ៉ាន់ អធិការខណ្ឌ លើការពង្រឹងបញ្ហាសន្ដិសុខ ទប់ស្កាត់បទ ល្មើសនិងសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់ខ្លួននោះ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញដែលដឹកនាំដោយរូបលោកផ្ទាល់បានបើកយុទ្ធនាការចុះ ទៅឆែកឆេរនិងធ្វើការត្រួតពិនិត្យនៅតំបន់ស្មុកស្មាញហើយរកឃើញជនដែល ជាប់ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀនបានចំនួន៣នាក់បញ្ជូនមកសាលាខណ្ឌដូនពេញ។
លោកមេប៉ុស្តិ៍ផ្សារថ្មី៣បានបញ្ជាក់ថា សម្រាប់យុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលនៅតំបន់ស្មុគ្រស្មាញក្នុងភូមិសាស្ដ្រសង្កាត់ផ្សារថ្មី៣នេះដែរនិងធ្វើឡើងជាបន្ដបន្ទាប់ ដើម្បីចូលរួមកាត់បន្ថយបញ្ហាបទល្មើស បញ្ហាអសកម្មផ្សេងៗក៏ដូចជារក្សាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្អែកតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ជាពិសេសផ្អែកតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលដាក់បញ្ជាឲ្យកម្លាំងអាជ្ញាធរ និងកងកម្លាំងទូទាំងប្រទេសបើកយុទ្ធនាការរយៈពេល៦ក្នុងឆ្នាំ២០១៧នេះដើម្បីបោសសំអាតករណីគ្រឿងញៀននេះ៕ ស តារា
...