ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិនាំគ្នាចោមរោមមើល និងជួយសង្គ្រោះដល់ក្មេងស្រីស្រស់ស្អាតម្នាក់ ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ សង្ស័យមានវិបត្តិគ្រួសារ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ក្មេងស្រីដែលគិតខ្លីមានឈ្មោះ សំ លក្ខណា អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិ កើតហេតុខាងលើ ។
ក្រោយពីមានសេចក្ដីរាយការណ៍ពីម្ចាស់ផ្ទះ ឈ្មោះ ម៉ាន់ ណូយ អាយុ៥៣ឆ្នាំ ភេទប្រុស នៅ ជាឪពុកនារីខាងលើភ្លាម សមត្ថកិច្ចក៏ដូចជានគរបាលជំនាញ និងគ្រូពេទ្យបានមកពិនិត្យសាកសពនៅកន្លែងកើតហេតុឃើញថា ជនរងគ្រោះខាងលើ មិនឃើញមានស្លាកស្នាមអ្វីដែលសំគាល់ថា ជារឿងឃាតកម្មអ្វីនោះទេ។
តាមអ្នកភូមិបានអោយដឹងថា ក្មេងស្រីជាមនុស្សដើរលេងជាមួយមិត្តភក្តិមិនលោះថ្ងៃឡើយ ដោយនៅថ្ងៃកើតហេតុ ត្រូវបងស្ដីបន្ទោសយ៉ាងខ្លាំងពីរឿងមិនជួយកិច្ចការផ្ទះឪពុកម្ដាយសោះ ក្រោយមក ក៏ឃើញចូលក្នុងបន្ទប់ដេក ស្រាប់តែប្រមាណកន្លះម៉ោង ក៏មានការឆោឡោដោយក្មេងស្រីបានចងកជាមួយក្រណាត់ជាប់នឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។
សពក្រោយពេលពិនិត្យរួច សមត្ថកិច្ចនគរបាលប្រគល់ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន