ភ្នំពេញ៖ សំណង់ផ្ទះវីឡាចាស់មួយកន្លែង ដែលគេវាយកម្ទេចចោលដើម្បីសង់ខនដូរ បានបាក់ជញ្ជាំងទាំងផ្ទាំងៗ សង្កត់ទៅលើហាងលក់សម្ភារជប៉ុនដែលមានយីហោ(តូតូ)បង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។
ហេតុការណ៍ខាងលើនេះ បានកើតកាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ១០ ផ្លូវលេខ៤៧ មុខវត្តដំដែក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតបានឲ្យដឹងថា នៅការដ្ឋានសំណង់នោះត្រូវបានក្រុមកម្មកសំណង់ប្រមាណជា១០នាក់ បាននាំគ្នាវាយកម្ទេចសំណង់ផ្ទះវីឡាចាស់(ជញ្ជាំង) ដោយអ្នកខ្លះប្រើញញួរ និងគ្រឿងម៉ាស៊ីន និងអ្នកខ្លះទៀតប្រើខ្សែពួរចងដើម្បីកុំឲ្យបាក់រលំប៉ះពាល់ដល់ផ្ទះអ្នកជិតខាង។ ប៉ុន្តែដោយការធ្វេសប្រហែសរបស់ក្រុមកម្មករទាំងនោះ បានបណ្ដាលឲ្យបាក់ជញ្ជាំងទាំងផ្ទាំងៗ សង្កត់ទៅលើ ហាងលក់សម្ភារជប៉ុន ដែលមានជីហោ(តូតូ)ធ្វើឲ្យបុគ្គលិកព្រមទាំងភ្ញៀវដែលចូលទៅរកទិញរបស់របរ ដែលនៅក្នុងហាងនោះនាំគ្នារត់ជាន់ជើងគ្នាចេញមកក្រៅ។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុបាក់ជញ្ជាំងអគារនៅការដ្ឋានសំណង់ ដែលកំពុងត្រៀមសាងសង់ជាខនដូររាប់ជាន់នោះ ត្រូវបានគេថា ជាសំណង់ខនដូរបស់ថ្នាក់ដឹកនាំមួយរូប នោះចាត់ទុកជាសំណាងហើយ ដែលហេតុការនោះមិនបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់ ឬបាត់បង់ជីវិតឡើយ។ តែអ្វីដែលរងការខូចខាច់នោះ គឺជញ្ជាំងហាង និងសម្ភារសម្រាប់លក់នៅក្នុងហាង យីហោ(តូតូ)នោះ ។
ពាក់ព័ន្ធនឹងផលប៉ះពាល់នោះដែរ ត្រូវបានភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយម្ចាស់ភាគីខាងបង្កហេតុជាអ្នករាប់រងទាំងស្រង់ ៕ ស តារា