ជិះម៉ូតូដេញបាញ់ប្រហារ​ដូចរឿងហុងកុងសង្ស័យរឿងគំនុំ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ មានករណីជិះម៉ូតូដេញបាញ់ប្រហាររហូត៥គ្រាប់ទៅលើស្រ្តី២នាក់ដែលទើបតែបើករថយន្តចេញពីក្លឹប Mango បណ្តាលឲ្យរងរបួសទាំង២នាក់ នៅជិតធនាគារកាណាឌីយ៉ា ត្រង់ចំនុចច្រកផ្ញើរថយន្តក្រោមដី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីនេះអាចផ្តើមចេញពីរឿងគំនុំ ក៏ដោយសារតែក្រុមខ្មាន់កាំភ្លើង ក្រោយបាញ់ប្រហារហើយ បានបើកម៉ូតូគេចខ្លួនបាត់សម្រោល មិនបានប្លន់យកទ្រព្យសម្បត្តិនោះទេ។

បើតាម នារីរងគ្រោះម្នាក់ឈ្មោះស៊ន បូលីន អាយុ២៨ឆ្នាំដែលរងរបួសស្រាល នៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើនេះ បានប្រាប់ឲ្យដឹងថាមុនកើតហេតុ ពួកគេទាំង២នាក់បានបើកឡានមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2X-8883ចេញពីក្លឹបកំសាន្ត Mango នៅក្នុងខណ្ឌចំការមនគោលបំណងទៅផ្ទះ។

ប្រភពដដែលបានបន្តទៀតថា ខណ:ដែលកំពុងបើករថយន្តតាមមហាវិថីព្រះសីហនុ លុះបើកមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកបានធ្វើការបាញ់ប្រហារមកលើរថយន្តពួកគេខាងលើបណ្តាលរងបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។ បន្ទាប់ពីបាញ់រះហើយ នារីរងគ្រោះទាំង២នាក់ បានព្យាយាមបើករថយន្តរត់ តែខណ:កំពុងបើករថយន្តរត់បានប្រមាណជា៣០០ម៉ែត្រ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ មិនអស់ចិត្តបានជិះម៉ូតូតាមបាញ់រះមកលើរថយន្តម្តងទៀតរួចហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២ខាងលើបានបើករថយន្តទៅមន្ទីរពេទ្យកាល់ម៉ែតដោយខ្លួនឯងដើម្បីឲ្យពេទ្យព្យាបាលរបួស ៕ ដោយ ៖ ស រស្មី

...

Gi-2 (1) Gi-2 (2) Gi-2 (3) Gi-2 (4) Gi-2 (5) Gi-2 (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print