ភ្នំពេញ៖ បុរសម្នាក់ទើបតែចេញមកពីរាំលេងក្នុងក្លឹបកំសាន្តជាមួយនារីម្នាក់ រួមទាំងមិត្តភក្ដិបីបួននាក់ផ្សេងទៀតហើយបានបើករថយន្តធ្វើដំណើរ ត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានយុវជនមួយ ក្រុមមានគ្នាបីនាក់បានជិះរថយន្តមួយគ្រឿងដេញតាមពីក្រោយ និងវាយកញ្ចក់រថយន្តពីក្រោយ បណ្ដាលអោយបែក ហើយរថយន្តបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម ថែមទៀត។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ១០០៣ កែងផ្លូវ១៩៥៨ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសដែលបើករថយន្តគេចពីគេដេញវាយហើយជ្រុលទៅបុកបង្គោលភ្លើងនោះមាន ឈ្មោះ ណាន់ សុខខេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររកសុី ស្នាក់នៅភូមិពាណិជ្ជកម្ម ឃុំរកាធំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ។ រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ស សេរ៊ីឆ្នាំ១៩៩៤ ពាក់ស្លាកលេខ កំពង់ធំ 1A-0035។ ចំណែកបុរស៣នាក់ដែលជាអ្នក ដេញវាយគេនោះបានជិះរថយន្ត១គ្រឿងម៉ាកឡិចសុីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-3027 ។
តាមប្រព័ត៌មានពីម្ចាស់រថយន្ត កូរ៉ូឡាបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បាននាំគ្នាចូលទៅ រាំលេងនៅក្នុងក្លឹបប្លូហ្សូន ជាមួយនារីម្នាក់ដែលគេស្គាល់យូរមកហើយ រួមនឹងមិត្តភក្ដិប្រុសបីបួននាក់ផ្សេងទៀត ។ ក្រោយពីរាំរួចពួក គាត់បានចេញពីក្លឹបខាងលើនោះ រៀងៗខ្លួន លុះមកដល់ផ្លូវកែងនឹងផ្លូវ១០០៣ស្រាប់តែមានរថយន្តម៉ាកឡិចសុីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL 3027ដែលជិះដោយបុរសបីនាក់បើកមកពីក្រោយហើយបានយកដែកបំពង់ទីបមកវាយកញ្ចប់រថយន្តគាត់ពីក្រោយបណ្តាលអោយបែកពេលនោះដោយម្ចាស់រថយន្តកូរ៉ូឡាដឹងថាមានគេតាមរករឿងក៍បើករថយន្តយ៉ាងលឿនដើម្បីគេចខ្លួនតែដោយសារតែរថយន្តរបស់គាត់បើករត់គេចមិនរួចក៍ត្រូវរថយន្តឡិចសុីសខាងលើនោះបានបើកកៀររថយន្តគាត់ក៍ជ្រុលទៅបុកបង្គោលភ្លើងបំភ្កឺផ្លូវនៅខាងស្ដាំនោះបាក់ធ្លាក់អំពូលមកក្រោមតែម្តងហើយរថយន្តរងការខូចខាតផ្នែកខាងមុខដាច់កង់មុខខាងស្ដាំព្រមទាំងផ្ទុះពោងការពារសុវត្ថិភាពចេញមកក្រៅទាំងពីរថែមទៀតផង តែអ្នកបើកបរនិងអ្នករួមដំណើមិនមានរបួសទេ។
ចំណែករថយន្តយុវជនដែលបើករថយន្តឡិចសុីសវិញបាននាំគ្នាចុះមកប្រុងវាយម្ចាស់រថយន្តកូរ៉ូឡាថែមទៀតផងតែបានប្រជាជននៅម្ដុំនោះចេញមកឃាត់ ហើយពួកគេបាន បើករថយន្តចេញទៅបាត់។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរជើងគោករាជធានីចុះមកធ្វើការវាស់វែងនិងយករថយន្តទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ តុង សីហា