នៅថ្ងៃទី២០ ខែមករា ត្រូវនឹងថ្ងៃទី២១ (កម្ពុជា) ជាថ្ងៃដែលប្រធានាធិបតីថ្មីអាមេរិកចូលកាន់តំណែងជាផ្លូវការក្លាយជាម្ចាស សេតវិមានថ្មី និងជាម្ចាសវ៉ាលិសគ្រោះថ្នាក់ បំផុតលើពិភពលោក និងជាប្រធានាធិបតីទី៤៥របស់អាមេរិក។
នៅក្នុងពាក្យសម្បថរបស់ប្រធានាធិបតី អាមេរិកបានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញ ដោយប្រធានាធិបតីទាំងអស់ត្រូវតែអាន នូវពាក្យទាំងនោះ «ខ្ញុំសូមសន្យាថា នឹងស្មោះ ត្រង់អនុវត្តិភារកិច្ចជាប្រធានាធិបតីអាមេរិក ហើយខិតខំអស់ពីកម្លាំងកាយចិត្តដើម្បី ថែរក្សាការពាររដ្ឋធម្មនុញ្ញ»។
អ្នកឯកទេសវិភាគបានលើកឡើងថា ការដឹកនាំរបស់លោក ដូណាល់ ត្រាំ ប្រហែលជាអាចដំណើរការបានល្អប្រសើរដែរ។ លោក ត្រាំ អាចមានទឹកមាត់ប្រៃ គ្រាន់បើ។ មើលតាមការជាក់ស្តែងលោក ធ្លាប់បានគំរាមមេក្រុមហ៊ុនធំៗ ពិសេស សហគ្រាសក្រុមហ៊ុនពហុជាតិដោយដាក់សម្ពាធឲ្យក្រុមហ៊ុនទាំងនេះបង្កើតការងារឲ្យពលរដ្ឋអាមេរិកបានធ្វើ។
លោក ត្រាំ គំរាមឲ្យមើលផ្នែកពន្ធដារ ពួកគេ។ ជាទូទៅច្បាប់ទីផ្សារអាមេរិកការពារក្រុមហ៊ុនរកស៊ីណាស់។ ប៉ុន្តែលោក ត្រាំ បែរជាហ៊ានគំរាមក្រុមហ៊ុនទាំងនេះទៅវិញ។ ការគំរាមរបស់លោកមានប្រសិទ្ធ ភាពគ្រាន់បើ។ ឃើញថា ពេលនេះក្រុមហ៊ុន មួយចំនួនបានរវៀសរវៃស្តាប់តាមធ្វើតាមលោក។ ដូចជាក្រុមហ៊ុនរថយន្ត General Motors បានសម្រេចពង្រឹងសកម្មភាពរកស៊ីនៅអាមេរិក។ ចំណែកក្រុមហ៊ុន Amazon អាម៉ាហ្សូនវិញ ក៏បានប្រកាសបង្កើតការងារប្រមាណមួយសែននៅសហរដ្ឋអាមេរិកដែរ។
កន្លងមកលោក អូបាម៉ា បានបញ្ជាក់ថា លោក ត្រាំ ត្រូវតែផ្តល់អាទិភាពដល់តម្លៃ ជាតិ និងប្រជាជន។ ប្រធានាធិបតីផុត អាណត្តិ អូបាម៉ា បានលើកឡើងពីសំណុំ រឿងសំខាន់ៗក្នុងប្រទេសជាគោលមាន ដូចជាបញ្ហាសេរីភាពសារព័ត៌មានបញ្ហា ជនអន្តោប្រវេសន៍យុវជនដែលបានធំដឹងក្តី ក្នុងទឹកដីអាមេរិកឬក៏ឧបសគ្គទាក់ទងនឹងសិទ្ធិបោះឆ្នោតជាដើម។
ទាក់ទងនឹងសេរីភាពសារព័ត៌មានយើង ដឹងថា លោក ត្រាំ មិនពេញចិត្តក្រុមអ្នកសារព័ត៌មានប៉ុន្មានទេ។ ជាក់ស្តែងមួយខែ មុនពេលបោះឆ្នោតប្រធានាធិបតីលោកត្រាំ ធ្លាប់បានគំរាមប្តឹងសារព័ត៌មានញូវយ៉ក ថែមស៍ ដែលហ៊ានចុះផ្សាយឯកសារ ពន្ធទាក់ទងក្រុមហ៊ុនរកស៊ីរបស់លោក។ ចុងក្រោយនេះលោក ដូណាល់ ត្រាំ បាន បង្ហាញបំណងមិនចង់ឃើញវត្តមានក្រុម អ្នកកាសែតដែលលោកគិតថា បានកាន់ ជើងបក្សណាឬក្រុមណាទេ។
ជាប្រតិកម្មតបនឹងលោក ត្រាំ លោក អូបាម៉ា បានរំលឹកឡើងវិញថា សេរីភាពសារ ព័ត៌មានមានសារសំខាន់ក្នុងដំណើរការ ប្រទេសជាតិ។ ទាក់ទងរឿងអន្តោប្រវេសន៍ លោក អូបាម៉ា មិនចង់ឲ្យលោក ត្រាំ ដែលមានជំហរប្រឆាំងជនអន្តោប្រវេសន៍ខុស ច្បាប់ធ្វើការរើសអើងឬធ្វើអ្វីហួសហេតុពេក ចំពោះជនទាំងនោះទេ។ ពិសេសចំពោះ ជនអន្តោប្រវេសន៍ដែលចូលមកសហរដ្ឋអាមេរិកតាំងពីវ័យក្មេងមក ហើយគ្មាន ក្រដាសស្នាមត្រឹមត្រូវ។ បើមានអ្វីប៉ះពាល់ដល់យុវជនដែលធំដឹងក្តីនៅអាមេរិកដែលជាពលរដ្ឋអាមេរិកពិតប្រាកដលោក អូបាម៉ា ប្រាប់ថា លោកនឹងចេញមុខជាសាធារណៈ មិនខាន។
លោក អូបាម៉ា ចង់បង្ហាញលោក ត្រាំ ក៏ដូចជាពលរដ្ឋអាមេរិកថា ទោះជាចាប់ពីថ្ងៃស្អែកនេះទៅលោកលែងធ្វើជាប្រធានាធិបតីក្តីក្នុងនាមលោកជាពលរដ្ឋមួយរូប លោកក៏ត្រូវតែមានសិទ្ធិសង្កេតមើលការ ដឹកនាំរបស់មេដឹកនាំថ្មីដែរ។ ក្នុងនាមជា ពលរដ្ឋលោកមានសិទ្ធិតវ៉ាមានសិទ្ធិមិន នៅស្ងៀម បើសិនជាតម្លៃរបស់ជាតិអាមេ រិកធ្លាក់ចុះដោយសារលោក ត្រាំ។ កាល ពីម្សិលម្ង៉ៃនេះលោក អូបាម៉ា ក៏បានលើក ឡើងវិញ ពីបញ្ហារុស្ស៊ីឬក៏តំបន់ដើមបូព៌ា អុីស្រាអែល-ប៉ាឡេស្ទីនដែរ។ លោក អូបា ម៉ា ដឹងច្បាស់ថា លោក ត្រាំ មានទំនោរទៅ រករុស្ស៊ីទៅរកប្រធានាធិបតី ពូទីន។ លោក អូបាម៉ា រំលឹកថា ប្រាកដហើយដែលអាមេ រិកត្រូវការទំនាក់ទំនងល្អជាមួយរុស្ស៊ី តែ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ដូច្នេះ ហើយ ទើបបានជាមានទណ្ឌកម្មប្រឆាំងរុស្ស៊ី ឡើង។ លោក អូបាម៉ា មិនចង់ឲ្យលោក ដូណាល់ ត្រាំ យកលេសផ្សះផ្សាជាមួយ រុស្ស៊ីដោយភ្លេចគិតពីច្បាប់អន្តរជាតិទេ។
ប្រធានាធិបតីផុតអាណត្តិក៏បានទូន្មានផងដែរទាក់ទងនឹងបញ្ហាអុីស្រាអែល-ប៉ា ឡេស្ទីន ដែលនៅតែមិនអាចរកបានសន្តិភាពជាមួយគ្នា។ សម្រាប់លោក អូបាម៉ា តំបន់អាណានិគមជនជាតិជ្វីហ្វមិនមែនជាដំណោះស្រាយសន្តិភាពសម្រាប់ភាគីទាំងពីរក្នុងការបង្កើតរដ្ឋសន្តិភាពទេ។ ដូច្នេះ លោក ត្រាំ ត្រូវតែមើលឲ្យមែនទែនរឿង នេះ។ អុីស្រាអែល-ប៉ាឡេស្ទីន ជាបញ្ហាក្តៅ គគុកគ្រប់ពេលវេលា។ លោកបានផ្តល់ ដំបូន្មានថា គេមិនត្រូវស្តាប់តែមនុស្សដែលគាំទ្រគំនិតខ្លួននោះទេ ពេលដែលលោកត្រាំធ្វើជាប្រធានាធិបតីការពិតនឹងធ្លាក់នៅចំពោះមុខ។
និយាយរួមដំបូន្មានលោក អូបាម៉ាចំពោះលោក ត្រាំ គឺដើម្បីកុំឲ្យលោក ត្រាំ ធ្វើអ្វីហួសហេតុដូចដែលលោកត្រាំធ្លាប់ បានសន្យាមុនពេលជាប់ឆ្នោត។ ប៉ុន្តែរវាង អូបាម៉ា នឹង ត្រាំ, រវាងបក្សប្រជាធិបតេយ្យដែលផុតអាណត្តិនឹងបក្សសាធារណរដ្ឋ ដែលត្រូវចូលកាន់អំណាចបើភាគីទាំង២ នៅតែបន្តប្រឆាំងគ្នា វាគឺជារឿងសាមញ្ញក្នុងនយោបាយដឹកនាំ។ បើមួយនិយាយអ្វីហើយមួយទៀតត្រូវតែបង្ហាញការរិះគន់ ការជំទាស់ជានិច្ច។
លោក អូបាម៉ា ក៏ដូចជាបក្សប្រជាធិប តេយ្យមិនសប្បាយចិត្តប៉ុន្មានទេ ដែល បក្សសាធារណរដ្ឋចង់លុបចោលអ្វីៗ ដែលបក្សប្រជាធិបតេយ្យសម្រេចបាន ២អាណត្តិដឹកនាំកន្លងមក។ ជាក់ស្តែង ច្បាប់ធានារ៉ាប់រងសុខភាព អូបាម៉ាឃែរ ដែលមានទិសដៅឲ្យពលរដ្ឋគ្រប់រូបទទួលបានជំនួយពីរដ្ឋ បែរជាត្រូវបក្សសាធារណ រដ្ឋប្រកាសថា នឹងលុបចោលទៅវិញ ព្រោះ វាធ្វើឲ្យរដ្ឋចាយលុយច្រើន ហើយថៅកែ រកស៊ីក៏ដូចគ្នា។
បក្សសាធារណរដ្ឋចង់ដាក់ច្បាប់ថ្មីមកជំនួស តែក៏រក្សាខ្លឹមសារមួយចំនួនរបស់ ច្បាប់ចាស់ដែរ។ ច្បាប់ អូបាម៉ា ឃែរ តម្រូវឲ្យពលរដ្ឋគ្រប់រូបត្រូវតែទទួលសេវារ៉ាប់រងសុខភាពចូលរួមជួយគ្នាឲ្យគ្រប់គ្នាអាចមាន លុយបង់ថ្លៃសេវារ៉ាប់រងនេះដែរ។
លោក ដូណាល់ ត្រាំ មិនចង់បង្ខំពល រដ្ឋឲ្យបង់ថ្លៃការធានារ៉ាប់រងទេ។ ព្រោះវាអាចជាចំណាយខ្ពស់សម្រាប់មនុស្សមួយចំនួន ខណៈពួកគេមានជម្រើសមានសិទ្ធិ បដិសេធការបង់ថ្លៃនេះ។ និយាយទៅលោក ត្រាំ មិនចង់ឲ្យការបង់ថ្លៃសេវារ៉ាប់រងសុខភាពចែងដោយច្បាប់ អូបាម៉ា ឃែរ ក្លាយជាកាតព្វកិច្ចរបស់ពលរដ្ឋអាមេរិកទេ។ ការបង់ថ្លៃត្រូវតែជាជម្រើសសម្រាប់ពួកគេវិញ ទើបជាការត្រឹមត្រូវ។ លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអង្គារថា ក្នុងអាណត្តិ ប្រធានាធិបតី ត្រាំ គ្មានមនុស្សណាម្នាក់ ដេកស្លាប់តាមដងផ្លូវទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី