ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ កម្មករលើក-ដាក់ឥដ្ឋតាមរថយន្តធំ៤នាក់បានរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនខេត្តព្រះសីហនុដឹកយកទៅសង្គ្រោះ។
លោកវរៈសេនីយ៍ត្រីយ៍ ជួប-ណារ៉ា អធិការ-រងទទួលបន្ទុក កិច្ចការសណ្តាប់ធ្នាប់ចរាចរផ្លូវគោគស្រុកស្ទឹងហាវ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រ៩/១០ តិរៈវិថី សម្តេចហ៊ុនសែន ទល់មុខស្នាក់ការគយ-រដ្ឋាករ -និងឃ្លាំងស្តុកប្រេងក្រុមហ៊ុនសូគីមិច ស្ថិតក្នុងក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ-ខេត្តព្រះសីហនុ ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា រថយន្តបង្កម៉ាក Mitsubishi យីឌុប ពណ៌ក្រហម លាយខ្មៅ។ ប្រភពបន្តថា រថយន្តពាក់ស្លាកលេខព្រះសីហនុ 3A-0330 បើកបរដោយ ឈ្មោះ គង់-ស៊ីណាត ភេទប្រុស អាយុ ៤៧ឆ្នាំ មានស្រុកកំណើតភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ដោយឡែកជនរងគ្រោះដែលជាកម្មករលើកដាក់ឥដ្ឋដែលរួមដំណើរនៅលើរថយន្តមានឈ្មោះ១/ ប៊ុន-ធឿន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២/ ខេង-ចាន់ណារ៉ា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅ ភូមិ -ឃុំ ស្រុកជាមួយគ្នាខាងលើ។ ៣/ ម៉េង-នី ភេទប្រុសអាយុ៣២ឆ្នាំ។ ៤/ យឹន-សាវរី ភេទប្រុស អាយុ២២ឆ្នាំ ទាំងពីរនាក់ខាងលើមិនទាន់ស្គាល់អត្តសញ្ញាណ ស្រុកកំណើត សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើបើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវចំណោត និងដឹកឥដ្ឋលើសទម្ងន់ផង ហ្វ្រាំងមិនជាប់ផ្លូវ បត់ផង ដោយសារតែអ្នកបើកបរយកចង្កូតខ្លាំងពេក ក៏កាច់កន្ទុយសណ្តោងរ៉ឺម៉កក្រឡាប់ចាក់ឥដ្ឋចោលរាយប៉ាយពេសពេញស្នាក់ការគយ នៅខាងមុខឃ្លាំងស្តុកប្រេងសូគីមិកនោះតែម្តង និងរងការខូចខាតមានម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរី២០១០ មួយគ្រឿង, សំយ៉ាបចំណតរថយន្តស្នាក់ការគយ រដ្ឋាករខូចខាតទាំងស្រុង រួមជាមួយទ្វារកញ្ចក់នៃស្នាក់ការខាងលើនេះ មួយចំនួនបន្ថែមទៀត។
ក្រោយកើតហេតុ ជនរងគ្រោះដែលមានចំនួនដូចបានរៀបរាប់ខាងលើត្រូវបានរថយន្តគ្លីនិកឯកជន ខេត្តព្រះសីហនុដឹកយកទៅព្យាបាល ដោយឡែករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការ-រដ្ឋានស្រុកស្ទឹងហាវ នៃស្នងការ-រដ្ឋាននគរបាលខេត្តព្រះសីហនុយកទៅរក្សាទុករង់ចាំធ្វើការ ដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ