ខេត្តកណ្តាល ៖ ទំនិញគេចពន្ធដឹកតាមរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ2AF-4703 នាំចូលពី វៀតណាម ឆ្លងកាត់ច្រកភ្នំឌិន ខេត្តតាកែវ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល ធ្វើការបង្ក្រាប កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០១៧ ម្សិលមិញ ។
កម្លាំងសមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបទំនិញគេចពន្ធខាងលើ រួមមាន ៖ កម្លាំងមន្ទីរយុត្តិធម៌ខេត្ត , កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោកវរសេនីយ៍ ទោ ជុន វណ្ណី មេបញ្ជាការរងខេត្ត និង ជាមេបញ្ជាការស្រុក និង លោកវរសេនីយ៍ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយមន្រ្តីជំនាញគយ និង ជំនាញកាំកុងត្រូលឃាត់រថយន្តខាងលើ ដើម្បីត្រួតពិនិត្យទំនិញដែលផ្ទុកនៅខាងក្នុង ព្រមទាំងធ្វើការសាកសួររកម្ចាស់ទំនិញ ជាលទ្ធផលរកឃើញថា ៖
ម្ចាស់ទំនិញ មានទីលំនៅបច្ចុប្បន្នភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ បានជួលរថយន្តខាងលើដឹកទំនិញ ពីខេត្តតាកែវ មកដាក់ឲ្យម៉ូយនៅខេត្តកំពង់ស្ពឺ ដែលជាទំនិញគេចពន្ធ ។
ប្រភេទទំនិញនាំចូលអត់បង់ពន្ធទាំងនោះរួមមាន ៖
-អង្ករវៀតណាម មានសញ្ញាមនុស្សជិះក្របី (អក្សរវៀតណាម) ចំនួន៨០បាវគុណ៥០គីឡូក្រាម ស្មើនឹង ៤តោន។
-ពូក ចំនួន100 (ខ្នាត1,6ម៉ែត្រ×0,08ម៉ែត្រ)
-កម្រាលពូកចំនួន100
-ខ្នើយឱបចំនួន100
-ខ្នើយកើយចំនួន100
-ភួយចំនួន100
-មុងចំនួន100
គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានដាក់បទបញ្ជាយ៉ាងតឹងរឹងជួយបង្ក្រាបបទល្មើសគេចពន្ធ ពិសេសហាមដាច់ខាតមិនឲ្យមានការនាំចូលអង្ករវៀតណាម ដើម្បីលើកកម្ពស់អង្ករខ្មែរជួយដល់ប្រជាកសិករខ្មែរ ។
បច្ចុប្បន្នរថយន្ត និង ទំនិញ ត្រូវបានជំនាញកាំកុងត្រូល និងជំនាញគយ ផ្ញើឲ្យរក្សាទុកនៅកងរាជអាវុធហត្ថស្រុកណ្តាលស្ទឹងបណ្តោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ ជាយក្រុង