លោក Georges Leekens បានលាលែងចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអាល់ហ្សេរីក្រោយពីជ្រុះចេញពីកម្មវិធីពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations នៅក្នុងវគ្គជម្រុះតាមពូលដែលកំពុងតែធ្វើឡើងនៅក្នុងប្រទេសហ្គាបង់ ។
ជម្រើសជាតិអាល់ហ្សេរីត្រូវបានគេចាត់ទុកថាជាក្រុមល្អនឹងឈ្នះពានរង្វាន់ក្នុងឆ្នាំ២០១៧នេះ ដោយសារតែមានកីឡាករ ល្អៗច្រើនដូចជា Riyad Mahrez ដែលជាប់ជាកីឡាករលេងល្អបំផុតប្រចាំទ្វីបអឺរ៉ុប កីឡាករ Islam Slimaniមិត្តរួមក្រុមរបស់ Riyad Mahrez នៅក្នុងក្លិប Leicester ម្ចាស់ជើងឯកអង់គ្លេស Premier League ហើយមានកីឡាករ Yacine Brahimi លេងឲ្យក្លិប Porto និង Faouzi Ghoulam របស់ក្លិប Napoli ទៀតផង។ ប៉ុន្តែបែរជាធ្លាក់មុនគេទៅវិញដោយពុំទទួលបានជ័យជម្នះម្តងណាសោះក្នុងពេលប្រកយតជម្រុះក្នុងពូលធ្វើឲ្យលោកគ្រូបង្វឹកសម្រេចចិត្តលាលែងចេញពីតំណែងភ្លាម ។
លោក Georges Leekens បានថ្លែងនៅក្នុងគេហទំព័ររបស់សហព័ន្ធបាល់ទាត់អាល់ហ្សេរីថា “ដើម្បីឲ្យទទួលបានលទ្ធផលខ្ញុំ ត្រូវតែលាលែងចេញពីតំណែងបើទោះបីជាខ្ញុំធ្វើវាទាំងគ្រាំគ្រាចិត្តក៏ដោយ។ ខ្ញុំសូមជូនពរក្រុមជម្រើសជាតិអាល់ហ្សេរីទទួលបានជោគជ័យក្នុងវិស័យបាល់ទាត់ទូទាំងពិភពលោក” ៕ ដេវីត