ក្រុងបោយប៉ែត៖ យុវជនចិត្តខ្លាំងម្នាក់ព្រោះតែខឹងនឹងមិត្តភក្តិបង្អាប់ជិះម៉ូតូកញ្ចាស់ទាញដែកកេះៗដុតចោលតែត្រូវនគរបាលវរៈការពារព្រំដែនគោក៩១១ឃាត់ខ្លួនម្ចាស់ម៉ូតូខាងលើនេះយកទៅអប់រំ។ ករណីយុវជនចិត្តខ្លាំងដុតម៉ូតូចោលនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភ្នំ១០០ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងបោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលវរៈការពារព្រំដែនគោក៩១១បានឲ្យដឹងថា យុវជនដែលដុតម៉ូតូចោលឈ្មោះ ហុង សម្បត្តិ អាយុ២២ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិ-សង្កាត់កើតហេតុ។ មន្ត្រីដដែលបានបន្តថា នៅមុនពេលកើតហេតុយុវជនខាងលើនេះបានជិះម៉ូតូមកលេងជាមួយនឹងមិត្តភក្តិ ពេលនោះមិត្តភក្តិបានបង្អាប់ដដែលៗពីការដែលយុវជនខាងលើជិះម៉ូតូកញ្ចាស់នោះធ្វើឲ្យយុវជនរូបនេះខឹងក៏ទាញដែកកេះពីក្នុងហោប៉ៅ កេះដុតបណ្តាលឲ្យឆេះផ្អើលអ្នកស្រុកតែម្តង។ គ្រានោះស្រប់ពេលដែលកម្លាំងនគរបាលវរៈការពារព្រំដែនគោក៩១១កំពុងចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋក៏ឃាត់ខ្លួនយុវជនរូបនេះយកទៅអប់រំកុំឲ្យធ្វើសកម្មភាពដូច្នេះទៀត ព្រោះវាមិនត្រឹមតែបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន តែអាចឲ្យគ្រោះថ្នាក់បង្កឆេះផ្ទះអ្នកភូមិនោះផង។
គួរបញ្ជាក់ថា ម៉ូតូដែលយុវជនខាងលើនេះដុតចោលម៉ាកគ្លិក ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម ត្រូវរងការឆេះទាំងស្រុងមិនអាចកែរកុនជិះទៀតទេ៕ វណ្ណា