ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសម្រេចជ្រើស រើសយកចំណុចអាទិភាពចំនួន៦ចំណុច ដែលអាជ្ញាធរត្រូវអនុវត្តន៍ ក្នុងផែនការ អភិវឌ្ឍន៏សម្រាប់ឆ្នាំ២០១៧ ក្នុងទិសដៅជុំរុញឲ្យរាជធានីភ្នំពេញមានភាពល្អប្រសើរ និងរីកចម្រើនទៅថ្ងៃអនាគត ។ អាទិភាពទាំង៦ចំណុចនោះ គឺទី១-បញ្ហាលុបបំបាត់គ្រឿងញៀន ,ទី២-រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទី-៣ បញ្ហាដឹកជញ្ជូន សាធារណៈ ទី៤-ចរាចរណ៍ ទី៥-បញ្ហាទឹក ស្អាត អគ្គិសនី និងទី៦-បញ្ហាលំនៅឋាន និងបរិស្ថាន ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករាឆ្នាំ២០១៧ ។
សម្ដេចក្រឡាហោម ស ខេង បានលើក ឡើងថា ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្ដខិតខំជម្នះពុះពាររាល់ការលំបាក ស្មុគស្មាញ និងអនុវត្ត គ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ពិសេសលុបបំបាត់ គ្រឿងញៀន ឲ្យបានកាន់តែល្អប្រសើរ ក្នុងគោលបំណងធានាបានសភាពការណ៍ សន្តិសុខសុវត្ថិភាព ទូទៅជូនប្រជាពលរដ្ឋនៅរាជធានីភ្នពេញ និងនៅទូទាំងប្រទេសផងដែរ ។
សម្ដេចក្រឡាហោម ស ខេង បានបន្ដ ថា ដើម្បីបន្ដសកម្មភាពលុបបំបាត់រាល់ សកម្មភាពអំពើភេរវកម្មអំពើប្លន់ប្រដាប់ អាវុធក្មេងទំនើង និងគ្រឿងញៀនអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ បង្ក្រាបឲ្យបានជាបន្តបន្ទាប់ ផ្តល់នូវភាព កក់ក្តៅដល់ប្រជាជន វិនិយោគិន និង ភ្ញៀវទេសចរ ។ សភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ នាពេលបច្ចុប្បន្ន ពិតជាបាន ផ្តល់នូវភាពអនុគ្រោះដល់ការ អនុវត្តគោលនយោបាយវិមជ្ឈការវិសហ មជ្ឈការ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ពិសេសការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន សួនច្បារ សំណង់ អគារខ្ពស់ៗទីក្រុងរណប និងការងើបឡើង វិញនៃទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ ដោយរួមចំណែកយ៉ាងសកម្ម ក្នុង ការជំរុញកំណើន សេដ្ឋកិច្ចជាតិ ការរក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចការកាត់បន្ថយភាព ក្រីក្រ និងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជន ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបានខាង លើនេះរាជធានីភ្នំពេញក៏នៅមានបញ្ហា ប្រឈមចំនួន៦ចំណុចដែលមានភាពស្មុគ ស្មាញ និងជាបញ្ហាប្រឈម ដែលអាជ្ញាធរត្រូវប្រមូលផ្តុំដើម្បីរួមគ្នាដោះស្រាយឲ្យបានល្អប្រសើរឡើងនាពេលខាងមុខ ។
លោកបន្ដថា បញ្ហាប្រឈមចំនួន៦ ចំណុចនោះមាន៖ ទី១-បញ្ហាសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ពិសេសករណីប្លន់ ប្រដាប់អាវុធក្មេងទំនើង និងគ្រឿងញៀន នៅតែជាចំណុចក្តៅរបស់រាជធានីភ្នំពេញ ទី២-បញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់ តាម ដងផ្លូវនៅតែជាបញ្ហាចោទ អាស្រ័យដោយ កំណើនយ៉ាងឆាប់រហ័សនៃមធ្យោបាយ យានយន្ត និងប្រជាជន ទី៣- បញ្ហាគ្រោះ អគ្គិភ័យនៅតែជាកង្វល់ដ៏ធំ របស់សមត្ថ កិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ទី៤-បញ្ហា ដីធ្លី លំនៅឋាន និងរិស្ថានក៏នៅតែចោទ អាស្រ័យដោយកំណើនយ៉ាងឆាប់រហ័ស នៃប្រជាជន ទី៥-ប្រព័ន្ធដឹកជញ្ជូននិងប្រព័ន្ធផ្លូវ ក្នុងរាជធានីភ្នំពេញមិនទាន់បានឆ្លើយ តបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ និងចំណុចទី៦- កង្វះប្រព័ន្ធ បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាត សម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់នៅតាម បណ្តាសង្កាត់ដែលនៅជាយរាជធានី ៕ សំរិត