ខេត្តកំពង់ស្ពឺ៖ លោកនាយរងប៉ុស្តិ៍ឃុំវាលម្មាក់ត្រូវបានប្រជាពលរដ្ឋរិះគន់ថា អសមត្ថភាពខណៈជនរងគ្រោះទៅប្តឹងឲ្យជួយធ្វើអន្តរាគមន៍ក្នុងហេតុការណ៍វាយ និងគប់បណ្តាលឲ្យមានអ្នករងរបួសក្នុងជម្លោះមួយដោយលោកនាយរងរូបនោះប្រាប់ថា រវល់ផឹកចាំគាត់ផឹកហើយចាំប្តឹង ។
ហេតុការណ៍គប់បណ្តាលឲ្យមានអ្នករបួសនេះកើតឡើងកាលវេលាពីម៉ោងជាង៩យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នៅក្នុងភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះឈ្មោះ ឃឹម នឿន អាយុ៤៥ឆ្នាំ មានប្រពន្ធឈ្មោះនូ មុំ អាយុ៤២ឆ្នាំ មុខរបរជាមេផ្ទះ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកនាយរងប៉ុស្តិ៍ដែលធ្វើឲ្យប្រជាពលរដ្ឋ និងជនរងគ្រោះអស់ជំនឿនោះឈ្មោះ កង សាវ៉ាង ឋានន្តរស័ក្តិអនុសេនីយ៍ទោដែលជានាយរងប៉ុស្តិ៍វាល ។
ស្ត្រីឈ្មោះ នូ មុំ អាយុ៤២ឆ្នាំ ជាប្រពន្ធជនរងគ្រោះឈ្មោះបានរៀបរាប់ថា នៅមុនពេលកើតហេតុក្រុមគ្រួសាររបស់គាត់មានកម្មវិធីហូបចុកនៅក្នុងបរិវេណដីឡូត៍ផ្ទះរបស់ខ្លួនដោយបានរៀបចំចាក់ធុងបាស់ច្រៀងរាំលេងសប្បាយថ្ងៃចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម។ ការហូបចុកនោះបានអូសបន្លាយរហូតដល់ពេលព្រលប់។ ពេលនោះស្រាប់តែមានទាស់ពាក្យសម្តីពីសំណាក់ផ្ទះអ្នកជិតខាងដែលទើបមានកម្មវិធីផឹកសុីតាមក្រោយដែរ រហូតក្លាយជាជម្លោះពាក្យសម្តីម្តងហើយមួយសន្ទុះក៏ស្ងប់ទៅវិញ។
ស្ត្រី នូ មុំ បានបន្តថា រហូតដល់ម៉ោងជាង៩យប់ ថ្ងៃខែឆ្នាំដដែល ស្រាប់តែក្រុមជនដៃដល់ដែលឈ្លោះគ្នាពីព្រលប់មានគ្នាជាច្រើនបានយកដែក ដំបង និងដុំថ្មគប់សំដៅចូលមកក្នុងបរិវេណផ្ទះគាត់បណ្តាលឲ្យប្តីរបស់គាត់រងរបួសបែកក្បាលដួលសន្លប់ ហើយក្រុមគ្រួសារបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញទាំងយប់ ។
ក្រោយពេលកើតហេតុនោះអ្នកស្រីបានទៅហៅនគរបាលម្នាក់ឈ្មោះកង សាវ៉ាង ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលមកជួយធ្វើអន្តរាគមន៍ដែរ ប៉ុន្តែនាយរងប៉ុស្តិ៍រូបនោះធ្វើមិនដឹង ដូចជាមិនមានរឿងអ្វីកើតឡើងឡើយ ដោយនាយរងប៉ុស្តិ៍រូបនោះប្រាប់ថា មិនអីទេចាំព្រឹកចាំប្តឹងក៏បាន ព្រោះពេលនេះគាត់រវល់ផឹកសុីសិន។ លោកនាយរងរូបនោះគឺផឹកសុីនៅនឹងផ្ទះក្រុមជនដៃដល់តែម្តងហើយបែរជាជួយសរសេរពាក្យបណ្តឹងឲ្យក្រុមដៃដល់ទៀត ។ ចំណែកគាត់ដែលជាអ្នករងគ្រោះលោក កង សាវ៉ាង មិនបានមកសរសេរ ឬទទួលបណ្តឹងរបស់គាត់ឡើយ។
ក្រុមជនដៃដល់ដែលបានវាយ និងគប់បណ្តាលឲ្យប្តីរបស់អ្នកស្រីរងរបួសនោះត្រូវបានស្គាល់ ទី១-ឈ្មោះ រតនា ទី២-ឈ្មោះ ណូ ទី៣-ឈ្មោះ រីន ទី៤-ឈ្មោះ ដែត ទី៥-ឈ្មោះ មុយ ទី៦-ឈ្មោះ សិដ្ឋ និងបក្ខពួកជាច្រើនទៀតមិនបានស្គាល់ឈ្មោះទេ ។ ក្រោយបង្កហេតុរួច ក្រុមជនដៃដល់មិនបានរត់ទៅណានោះទេ ហើយនគរបាលក៏មិនបានចាប់ខ្លួនពួកគេនោះដែរ។
សកម្មភាពនេះធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះអស់សង្ឃឹមជាខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលដែលមានលោក កង សាវ៉ាង ជានាយរងប៉ុស្តិ៍ ហើយនៅក្នុងហេតុការណ៍នេះទៀតផងបែរជាមិនមានវិធានការឃាត់ខ្លួនជនដដៃដល់ទុកឲ្យពួកគេធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត ។
បើតាមសម្តីសាក្សីត្រូវជាមិត្តភក្តិរបស់កូន បុរសរងគ្រោះដែលបានមកចូលរួមក្នុងកម្មវិធីហូចចុកនិយាយក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថា រូបគេបានឃើញក្រុមជនដៃដល់មានគ្នាច្រើនណាស់បានសម្រុកយកដែកជ្រុង ដំបង និងដុំថ្មគប់សំដៅមកលើពួកខ្លួន និងជនរងគ្រោះដែលកំពុងតែអង្គុយហូបចុកក្នុងបរិវេណដីឡូត៍ផ្ទះនោះ បណ្តាលឲ្យមនុស្សរត់គេចព្រោងព្រាត ហើយបុរសរងគ្រោះរងរបួសបែកក្បាលដួលសន្លប់ ។
សាច់ញាតិក្រុមគ្រួសារជនរងគ្រោះបានរិះគន់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលឈ្មោះ កង សាវ៉ាង នោះថា មិនបានយកចិត្តទុកដាក់រាល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ពួកគាត់អស់ជំនឿលើនាយរងប៉ុស្តិ៍នគរបាលម្នាក់នេះទៀតហើយ។ សូមឲ្យលោកឩត្តមសេនីយ៍ត្រីសមសាមួនស្នងការនគរបាលខេត្តពិនិត្យមើលទង្វើរបស់លោក កងសាវ៉ាង នាយរងប៉ុស្តិ៍ម្នាក់នេះផង។
កន្លងមកលោកនាយរងប៉ុស្តិ៍នេះក៏ធ្លាប់មានរឿងអាស្រូវម្តងហើយដែរ ដោយកាលណោះលោក កង សាវ៉ាង បានចាប់មុខសញ្ញាលក់គ្រឿងញៀនហើយដោះលែងស្ងាត់ៗជាថ្នូរនឹងលុយដ៏ច្រើនសន្ធឹកសន្ធាប់តែបែរជាឃាត់អ្នកជក់បញ្ជូនទៅថ្នាក់លើទៅវិញដែលករណីនេះធ្វើឲ្យស្រុកវិលមុខយ៉ាងខ្លាំងហើយបានបញ្ជូនរឿងទៅខេត្តចាត់ការបន្ត។
ពាក់ព័ន្ធនឹងការលើកឡើងនេះអ្នកយកព័ត៌មាននគរដ្រេហ្គនបានព្យាយាមទូរស័ព្ទទាក់ទងទៅលោក កង សាវ៉ាង ដើម្បីសុំការពន្យល់ដែរ តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
បើតាមមន្ត្រីនគរបាលស្រុកគងពិសីបានប្រាប់កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ថា ករណីនេះឮតែតាមវិទ្យុទាក់ទងនៅមិនទាន់ឃើញខាងប៉ុស្តិ៍ផ្ញើបាយការណ៍មកនៅឡើយទេ៕ សេនាស័ក្តិ