ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានក្តីស្រមៃ២ និងដាក់ផែនការអាទិភាព៤ដើម្បីអភិវឌ្ឍកីឡាការ៉ាតេដូកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានខេមរសហព័ន្ធកីឡា ការ៉ាតេដូកម្ពុជាកំពុងមានក្តីសុបិនធំ ២ព្រមទាំងបានដាក់ផែនការអាទិភាពចំនួន៤ ចំណុចដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យ កីឡាការ៉ាតេដូកម្ពុជាក្រោយលោកបាន ទទួលតំណែងជាប្រធានសហព័ន្ធអាណត្តិទី៨ ។ ការថ្លែងបែបនេះ របស់លោកទេស រដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីទទួលនិងប្រគល់ វិញ្ញាបនបត្រ និងការបំពាក់ខែក្រវាត់ខ្មៅជូនថ្នាក់ដឹកនាំកីឡាការ៉ាតេដូកម្ពុជាពីសំណាក់សាស្ត្រាចារ្យជនជាតិជប៉ុនតំណាងឲ្យ សហព័ន្ធកីឡាការ៉ាតេដូជប៉ុននៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រោយពេលលោកទទួលតំណែងជាប្រធានសហព័ន្ធកីឡាការ៉ាតេដូកម្ពុជារួចមកលោកមានក្តីស្រមៃចំនួន២ធំៗ ប៉ុន្តែមុនឈានទៅសម្រេចបាននូវក្តីសុបិននេះលោកបានដាក់ចេញនូវផែនការអាទិភាពចំនួន៤យ៉ាងសម្រាប់ជំរុញដល់ការអភិវឌ្ឍវិស័យកីឡាការ៉ាតេដូកម្ពុជាឲ្យមានប្រសិទ្ធភាពនិងការរីកចម្រើនឈានទៅរកភាពល្បីល្បាញលើឆាកអន្ដរជាតិ ។

លោកទេសរដ្ឋមន្ត្រីមានប្រសាសន៍ បញ្ជាក់ថា ដើម្បីចូលរួមការប្រកួតកីឡា អូឡាំពិកឆ្នាំ២០២០នៅទីក្រុង Tokyo ប្រទេសជប៉ុន និងចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ឲ្យទទួលបានជោគជ័យ គឺទី១- សហព័ន្ធត្រូវរៀបចំពង្រឹងស្ថាប័នដឹកនាំឲ្យបានរឹងមាំ ទី២-រៀបចំហេដ្ឋារចនាសម្ព័ន្ធទីលានហ្វឹកហាត់ឲ្យបានល្អប្រសើរ ទី៣-ចងក្រង នីតិវិធីរៀបចំក្រុមជម្រើសជាតិឲ្យបានឆាប់រហ័ស និងមានគុណភាព និងទី៤- ពង្រឹង ផ្នែករដ្ឋបាលកីឡាបណ្ដុះបណ្ដាលគ្រូបង្វឹក កីឡាករថ្នាល អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់ ជាតិនិងអន្ដរជាតិ ។

ក្តីសុបិនចំនួន២ដែលលោកទេសរដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន កំពុង ស្រមើស្រមៃនោះគឺទី១-ជំរុញដល់ការ បណ្តុះបណ្តាលហ្វឹកហាត់កីឡាករកីឡា ការិនីជម្រើសជាតិ សម្រាប់ទៅប្រកួតជម្រុះ ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតកីឡា អូឡាំពិកឆ្នាំ២០២០ នៅទីក្រុង Tokyo ប្រទេសជប៉ុនស្របច្បាប់។ ទី២-បន្តជំរុញ ដល់ការជ្រើសរើសយុវជនថ្នាលសម្រាប់ការហ្វឹកហាត់ត្រៀម ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ។ដោយលោកសង្ឃឹមថា កីឡាការ៉ាតេដូកម្ពុជានឹងដណ្តើមបានមេដាយច្រើន ក្នុងនាមជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំកីឡាការ៉ាតេដូ ដែលត្រូវ បំពាក់ខ្សែក្រវាត់នាពេលនោះ រួមមានលោកបណ្ឌិត អូន ព័ន្ធមុន្នីរត្ន័ ទទួល បានខ្សែក្រវាត់កម្រិត៧ដាន់, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមទទួលបានខ្សែក្រវាត់កម្រិត៦ ដាន់, លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មទទួលបានខ្សែក្រវាត់កម្រិត ៣ដាន់ និងលោក សាមឺឌី ស៊ីវឌ្ឍនា ទទួល បានខ្សែក្រវាត់ខ្ពស់ជាងគេ កម្រិត៨ដាន់ដែលប្រគល់ដោយសហព័ន្ធកីឡាការ៉ាតេដូពិភពលោកមកពីប្រទេសជប៉ុន៕ សារីម

...

sarim (4) sarim (3) sarim (5)sarim (1) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print