សមត្ថកិច្ចចាប់អ្នកកាប់​ព្រៃនៅ​ក្នុង​តំបន់​កោះរ៉ុង​៩នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មនុស្ស៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចូលកាប់ព្រៃឈើក្នុងតំបន់កោះរ៉ុងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

លោក នូន ប៊ុនថុល នាយកអន្តរវិស័យសាលាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារចុះវាស់វែងដីតំបន់កោះរ៉ុង បានប្រាប់ឲ្យដឹងថា ដីតំបន់ចំណុចដែលប្រជាពលរដ្ឋទាំងនោះចូលកាប់ព្រៃ គឺជាតំបន់វាស់វែងចេញបង្កាន់ដៃជូនប្រជាពលរដ្ឋរួចអស់ហើយ គឺរងចាំតែការសម្រេចចេញប្លង់កម្មសិទ្ធិតែប៉ុណ្ណោះ ហើយតំបន់នោះក៏មិនមានព្រៃឈើអ្វីធំដុំដែរ។ នៅពេលឃាត់ខ្លួនពលរដ្ឋទាំង៩នាក់ ក៏បានរឹបអូសរណាយន្ត ចំនួន១១គ្រឿង និងកាំបិតមួយចំនួន។

បើតាមក្រុមប្រជាពលរដ្ឋទាំង៩នាក់ បានអះអាងថា ពួកគាត់ជាអ្នកស៊ីឈ្នូលកាប់ព្រៃឲ្យគេ ដោយអ្នកខ្លះមានស្រុកកំណើតស្រុកបន្ទាយមាសខេត្តកំពត និងអ្នកខ្លះជាប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់កោះរ៉ុងតែម្តង។

លោកនូន ប៊ុនថុល បានឲ្យដឹងទៀតថា ពលរដ្ឋទាំង៩នាក់ ត្រូវបានដោះលែងវិញបន្ទាប់ពីបានអប់រំ ធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាព ពីព្រោះដីតំបន់នេះថ្វីត្បិតតែក្រុមការងារចុះវាស់វែងរួចហើយក៏ដោយ ប៉ុន្តែ បើសិនជាមិនទាន់ចេញប្លង់កម្មសិទ្ធិស្រប់ច្បាប់ទេ ការកាប់ព្រៃមិនអាចធ្វើបានឡើយ។ ដោយឡែកវត្ថុតាងទាំងអស់ត្រូវបានដកហូតយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ។

គួរបញ្ជាក់ផងដែរថា ក្នុងយុទ្ធនាការចុះវាស់វែងដីតំបន់កោះរ៉ុងជូនប្រជាពលរដ្ឋរស់នៅ ក្នុងរយៈពេលប៉ុន្មានខែនេះ គឺហាក់មានសកម្មភាពមមាញឹកខ្លាំងណាស់ ធ្វើឲ្យប្រជាពលរដ្ឋតំបន់កោះរ៉ុង សម្តែងការគាំទ្រយ៉ាងពេញទំហឹង ពីព្រោះពួកគាត់ទទួលបានដីជាកម្មសិទ្ធិស្របច្បាប់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏មានបញ្ហាខ្លះត្រូវបានគេលើកឡើងថា ព្រៃឈើតំបន់ហាមឃាត់មួយចំនួន ត្រូវបានគេឃុបឃិតគ្នា តាមបែបកន្ទេលធំបន្លំដេក កាប់បំផ្លាញអស់រួចហើយ  ធ្វើការបែងចែកគ្នាកាន់កាប់យ៉ាងរលូនផងដែរ៕ ឆ្លាមសមុទ្រ

...

kps (1) kps (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print