ខេត្តបាត់ដំបង ៖ ជនជាតិអាល្លឺម៉ង់មានសតិមិនប្រក្រតីម្នាក់ បានយកផ្លែឡាមអារដៃខ្លួនឯង បង្កឲ្យមានការភ្ញាក់ ផ្អើលពេញបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង កាលពីវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការក្រុងបាត់បងបានឲ្យដឹងថា ជនបរទេសរូបនេះឈ្មោះ Rals .GERHARD .DEUTSCH ភេទប្រុស អាយុ៤១ឆ្នំា ជនជាតិអាល្លឺម៉ង់ ។ ជនបរទេសរូបនេះបាន ចាកចេញពីប្រទេសថែ មកស្នាក់នៅក្នុងផ្ទះសំណាក់យីហោ សង្កែថ្មី បន្ទប់លេខ២៣៣ ជាន់ទី២ ស្ថិតក្នុងក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងអស់រយៈពេលពេល៣ថ្ងៃមកហើយ ។
លោកវរសេនីយ៍ត្រី ប៉ាង ហៀងបន្តថា លុះដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៨និង១៥នាទី ជនបរទេសខាងលើនេះបានសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង ហើយបានយកផ្លែឡាមអារកំភួនដៃទាំងសង្ខាង បណ្តាលឲ្យ ហូរឈាមប្រឡាក់ពេញបន្ទប់ដេក តែរបួសមិនធ្ងន់ធ្ងរនោះឡើយ ។ ជនរងគ្រោះត្រូវកម្លាំងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
យ៉ាងណា ជនបរទេសរូបនេះស្ថិតក្នុងភាពសង្ស័យរបស់សមត្ថកិច្ចជំនាញ បន្ទាប់ពីធ្វើការសង្គ្រោះរួច ការិយា ល័យប្រឆាំងបទល្មើសគ្រឿនញៀនបានធ្វើតេស្តពិនិត្យទឹកនោមដើម្បីរកសារធាតុញៀន ។ ជាលទ្ធផលពុំមាន ពាក់ព័ន្ធនឹងសារធាតុញៀននោះឡើយ ។
សមត្ថកិច្ចជំនាញបញ្ជាក់ថា មូលហេតុដែលជនបរទេសខាងលើអារដៃខ្លួនឯង គឺដោយសារប្រព័ន្ធសរសៃប្រសាទ របស់គាត់មានភាពមិនប្រក្រតី និងលេបថ្នំារំងាប់អារម្មណ៍ជាប្រចាំផងដែរ ៕