ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ១ នៅខេត្តស្វាយរៀងមានការរីករាយខណៈ បានឃើញមន្រ្តីមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តស្វាយរៀងចាប់ផ្តើមជួស ជុលផ្លូវជាតិ និងលុបជង្ហុកសំបុកមាន់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឆ្ពោះទៅព្រំដែនក្រុងបាវិត។
បើតាមអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ពីខេត្តព្រៃវែងមកដល់ព្រំដែនច្រកទ្វាបាវិតក្រុងបាវិតខេត្តស្វាយរៀងបានឲ្យដឹងថា កន្លងមកផ្លូវជាតិនេះគឺមានជង្ហុកសំបុកមាន់ជាច្រើនកន្លែងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុន្តែមួយរយៈពេលថ្មីនេះគឺខាងមន្ទីរសាធារណការខេត្តស្វាយរៀងបានជួសជុលឡើងវិញ និងចាក់ក្រួសបំពេញកន្លែងមានជង្ហុកតូចធំ និងបានក្រាលកៅស៊ូរួចរាល់ធ្វើឲ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរបានទាន់ពេលវេលា។
តាមមន្ត្រីមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តបានឲ្យដឹងថា នៅដើមឆ្នាំ ២០១៧នេះ ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពុងមមាញឹកក្នុងការជួសជុលផ្លូវជាតិលេខ១ផង និងផ្លូវក្នុងខេត្តផងដែលរងការខូចខាតជាច្រើនខ្សែដោយសារជំនន់ទឹកភ្លៀងជនលិចកាលពីចុងឆ្នាំ២០១៦ កន្លងទៅនេះ។ ក្រៅពីការងារជួសជុលផ្លូវខាងលើមានការងារជាច្រើនទៀត ដែល មន្រ្តីកំពុងខិតខំអនុវត្តការណែនាំរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន សម្អាតដើមឈើដែលដុះសងខាងផ្លូវជាតិ និងផ្លូវក្នុងខេត្តជួសជុលលាបបង្គោលគីឡូម៉ែតព្រមទាំងប៉ះចិញ្ចើមផ្លូវផង។
មន្រ្តីដដែលបានបន្តទៀតថា ការងារជួស ជុលក្នុងសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ខាងមន្ទីរសម្រេចបានរួមមាន ទី១បានបញ្ចប់ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ៣១៥ ដោយក្រាលកៅស៊ូ DBST ប្រវែង៥.៧០០ម៉ែត្រ ទី២.បានបញ្ចប់ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ៣១៥ ដោយក្រាលក្រួសក្រហមប្រវែង ៦.៣០០ ម៉ែត្រ និងទី៣.លើកំណាត់ផ្លូវជាតិលេខ១ បានកាប់សម្អាតដើមឈើសងខាងផ្លូវ ជួស ជុលលាបបង្គោលគីឡូម៉ែត្រ ប៉ះចិញ្ចើមផ្លូវ កៀរចិញ្ចើមផ្លូវ ព្រមទាំងបានស្រោចកៅស៊ូ ស្រទាប់ទី១ ត្រង់កន្លែងកាត់ជួសជុលផង ដែរ៕ យឹម សុថាន