ខេត្តកណ្តាល៖ មុខសញ្ញាជួញដូរគ្រឿងញៀនប្រុស-ស្រី២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញឮស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបាន រឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៤កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិតាពេជ ឃុំឈ្វាំង ស្រុកពញឮ ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ឈន សុខកាន ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ សុង សុខភាព ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅក្នុងតាពេជ ឃុំឈ្វាំង ស្រុកពញឮ ។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ធំ-០៣កញ្ចប់តូច ,អាវុធច្នៃមួយដើម ,ដាវសាំម៉ូរ៉ៃចំនួណ០២ដើម ,ដំបងពីរកំណាត់ចំនួន០១ ,ដែកឆាបកែច្នៃចំនួន០១ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ,ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាគុបមូល ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1R-0690 ,សម្ភារវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនជាច្រើនទៀត ។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋានឃុំឈ្វាំង ជនសង្ស័យត្រូវបានសមត្ថកិច្ចកំណត់និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនសង្ស័យមានថ្នាំញៀនរក្សាទុកនៅជាប់ខ្លួន ដើម្បីធ្វើសកម្មភាពជួញដូរ ។ សមត្ថកិច្ចក៏បានដាក់កម្លាំងចាំឃ្លាំមើល រហូតឈានដល់បង្រ្កាបចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ