ខេត្តកំពង់ស្ពឺ៖ ទីតាំងស្តង់លក់ម៉ូតូមួយកន្លែងដែលសង្ស័យលក់ម៉ូតូអត់ពន្ធត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យមើលឯកសារបង់ពន្ឋនាំចូលហើយបើរកឃើញថាមិនបាន បង់ពន្ធទេសមត្ថកិច្ចតម្រូវឲ្យម្ចាស់ចូលទៅ បង់ពន្ធ ។
ការចុះពិនិត្យស្តង់លក់ម៉ូតូនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ ដោយម្ចាស់ស្តង់ឈ្មោះ ឈុន ហោ ។
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រាប់ឲ្យដឹងថាបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ម្ចាស់ស្តង់ខាងលើដាក់តាំងលក់ម៉ូតូអត់ពន្ឋរួចមកសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចបានសុំគោលការណ៍ពីថ្នាក់លើដើម្បីចុះពិនិត្យផ្ទៀងផ្ទាត់មើលឯកសារពាក់ព័ន្ធ ។ ការចុះពិនិត្យនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីសោម បូរ៉ា ស្នងការរងនគរបាលខេត្ត កំពង់ស្ពឺ ។
ប្រភពបន្តថាករណីសមត្ថកិច្ចចុះផ្ទៀង ផ្ទាត់រកមើលម៉ូតូដែលសង្ស័យថាមិនមានបង់ពន្ធត្រឹមត្រូវនៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ ដោយសារតែម៉ូតូច្រើនទើប មានការយឺតយ៉ាវក្នុងការផ្ទៀងផ្ទាត់ ។ តែទោះជាយ៉ាងណាសមត្ថកិច្ចនឹងបន្តនីតិវិធីជាបន្តទៀត ។
លោកវរសេនីយ៍ទោម៉ាត់ ធុច នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថាបើសិនជារកឃើញមាន ម៉ូតូមិនបង់ពន្ធត្រឹមត្រូវនឹងដកហូតឲ្យម្ចាស់ចូលទៅបង់ពន្ធចូលរដ្ឋឲ្យបានត្រឹមត្រូវ ។ លោកបញ្ជាក់ថាដោយឡែកបើសិនជារកឃើញមានម៉ូតូពាក់ព័ន្ធបទល្មើសផ្សេងទៀតនោះខាងលោកនឹងចាត់ការតាមនីតិវិធី បញ្ជូនទៅតុលាការ ។
មហាជនដែលបានឃើញការចុះត្រួត ពិនិត្យស្តង់លក់ម៉ូតូសុំឲ្យសមត្ថកិច្ចពិនិត្យ ឲ្យបានគ្រប់ស្តង់ ។
គួរបញ្ជាក់ថា ស្តង់លក់ម៉ូតូអត់ពន្ធនៅក្រុងច្បារមន បច្ចុប្បន្នកំពុងរីកដូចផ្សិតតែកម្រឃើញខាងនគរបាលប្រឆាំងសេដ្ឋកិច្ចចុះបង្ក្រាបដកហូតបានម៉ូតូអត់ពន្ធខ្លាំង ណាស់ តែនេះជាលើកទី១ហើយ ក្នុងការចុះ ត្រួតពិនិត្យរកម៉ូតូអត់ពន្ធ ៕ សេនាស័ក្តិ