ភ្នំពេញ៖ លោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធានគណៈកម្មការស្ត្រីនិងកីឡាអម គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ការប្រារព្ធទិវារត់ប្រណាំង ដើម្បីក្តីស្រឡាញ់នេះគឺយើងមានគោល បំណងចង់ផ្លាស់ប្តូរផ្នត់គំនិតយុវជនក្នុងថ្ងៃទី១៤កុម្ភៈពីជូនបាច់ផ្កាដល់ដៃគូឬអ្នកដែល ខ្លួនស្រឡាញ់ជំនួសដោយការលេងកីឡា និងកុំឲ្យយុវវ័យវង្វេងវប្បធម៌១៤កុម្ភៈថាជាវប្បធម៌របស់ខ្លួនតាមពិតថ្ងៃបុណ្យនៃក្តី ស្រឡាញ់ គឺជាវប្បធម៌បរទេស។ លោក ស្រីមានប្រសាសន៍បែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពី “ទិវារត់ប្រណាំងដើម្បីក្តីស្រឡាញ់” នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាកាលពីរសៀលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោកស្រី ម៉ក់ វណ្ណស៊ីថា មានប្រសាសន៍ ថា រយៈពេល៣ឆ្នាំហើយដែលគណៈកម្មការស្ត្រីនិងកីឡាសហការជាមួយ NOCC និងដៃគូពាក់ព័ន្ធនានាប្រារព្ធទិវារត់ប្រណាំង ដើម្បីសេចក្តីស្រឡាញ់នេះក្នុងគោលបំណងចង់ផ្លាស់ប្តូរផ្នត់គំនិតយុវវ័យសម័យថ្មី បំភ្លេចចោល “បុណ្យក្តីស្រឡាញ់” ដែល មិនមែនជាវប្បធម៌របស់ខ្លួនផ្ទុយទៅវិញបានជះឥទ្ធិពលអាក្រក់មកលើសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ យុទ្ធនាការកែប្រែឥរិយាបថយុវវ័យតាមរយៈការលេងកីឡាចង់ឲ្យយុវជនបំភ្លេចចោលថ្ងៃ១៤កុម្ភៈពីការជូនផ្កាការដឬវត្ថុ ផ្សេងៗដល់ដៃគូឬគូស្នេហ៍ដើម្បីបញ្ជាក់ពីការស្រឡាញ់។ ទង្វើបែបនេះបានជះឥទ្ធិពលដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ពិសេស វប្បធម៌ដ៏ល្អផូរផង់របស់ដូនតាខ្មែរ ។
លោកស្រីបានបញ្ជាក់ថា ដើម្បីប្តូរឥរិយាបថយុវជនយើងទៅបានត្រូវតែមានការចូលរួមចំណែកពីអាណាព្យាបាលដោយមិនអាចខ្វះបាន ។ ដូច្នេះសូមមាតាបិតាទាំងអស់ជំរុញកូនចៅរបស់ខ្លួនឲ្យពួកគេងាកមកលេងកីឡាឬចូលរួមទិវារត់ប្រណាំងដើម្បីសេចក្តីស្រឡាញ់ដែលរៀបចំដោយគណៈកម្មការស្ត្រី និងកីឡានាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នៅកោះពេជ្រ ។ យើងព្យាយាមកែប្រែសកម្មភាពមួយចំនួនដើម្បីកុំឲ្យពួកគេជ្រុលខ្លួនកាន់តែជ្រៅទៅក្នុងការភ័ន្តច្រឡំកាន់ខ្លាំងឡើងចំពោះបុណ្យនៃក្តីស្រឡាញ់នេះ បើទោះបីព្រឹត្តិការណ៍រត់ប្រណាំងដើម្បីក្តីស្រឡាញ់ មិនបានសង្កត់ធ្ងន់ទៅលើ ចំណាត់ថ្នាក់ក៏ពិតមែនដោយផ្តោតទៅលើការចូលរួម និងកែប្រែចរិតយុវ័យរបស់យើងតែប៉ុណ្ណោះ ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមានវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រយុវជនអាយុក្រោម១៧ឆ្នាំរត់ចម្ងាយ៥គីឡូម៉ែត្រអាយុ១៨ឆ្នាំឡើងដើរ ចងជើងជាគូចម្ងាយ២០០ម៉ែត្រ និង១០០ ម៉ែត្រកៀបប៉េងប៉ោង។ លោកបានបញ្ជាក់ ថា គិតត្រឹមថ្ងៃទី៦ខែកុម្ភៈមានយុវវ័យជាង២.០០០នាក់ហើយបានមកចុះឈ្មោះចូលរួមរត់ក្នុងតម្លៃ១២.០០០រៀលនិង២ម៉ឺនរៀល ។ វាជាឱកាសយកពេលទំនេរលេងកីឡាដើម្បីសុខភាពផ្លាស់ប្ដូរឥរិយាបថយុវវ័យនិងប្រមូលថវិកាយកទៅទិញសម្ភារ កីឡាជួយដល់សាលាដែលខ្សត់ខ្សោយ នានានៅទូទាំងប្រទេសផងដែរ ។
គួរបញ្ជាក់ថា សម្រាប់វិញ្ញាសារត់៥ គីឡូម៉ែត្រមានរត់ឆ្លងកាត់ចំណុចអាថ៌កំបាំងដែលគណៈកម្មការរៀបចំការប្រកួត និង ម្ចាស់ឧបត្ថម្ភរៀបចំឡើង ។ អ្វីដែលជាអាថ៌ កំបាំងនាពេលនោះ គឺនៅចំណុចក្រុម កីឡាករកីឡាការិនីរត់ឆ្លងកាត់នឹងមានការប៉ាតម្សៅការចាប់រង្វាន់ផ្សងសំណាង និង ល្បែងផ្សេងៗជាច្រើនទៀតដែលក្រុម Smart រៀបចំឡើង ។ ចំពោះវិញ្ញាសា២០០ម៉ែត្រ ចងជើង និង១០០ម៉ែត្រកៀបប៉េងប៉ោងក្បាលទល់ក្បាលនោះគឺជាការលេងកម្សាន្តសុទ្ធសាធតែម្ដង ៕ សារីម