ភ្នំពេញ៖ ជនជាតិជប៉ុនម្នាក់និងខ្មែរពីរនាក់ ត្រូវបានលោក កោ វណ្ឌី ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ដើម្បីស៊ើបអង្កេតករណីជួញដូរមនុស្សពីប្រទេសកម្ពុជាទៅប្រទេសជប៉ុន ដោយខុសច្បាប់ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា លោក អ៊ុំ សុភក្តី ជាព្រះរាជអាជ្ញារង បានចោទប្រកាន់ក្រុមជនសង្ស័យពីបទ ” ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ ” តាមមាត្រា១២ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។
ជនសង្ស័យ ឈ្មោះ FUKUI SUSUMU ភេទ ប្រុស អាយុ៥២ឆ្នាំ ជនជាតិជប៉ុន ឈ្មោះ អេង ចាន់ឌី ហៅ ខេន ឌី ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ លឹម លក្ខិណា ហៅ ណែត ភេទស្រី អាយុ២៨ឆ្នាំ ។
ប្រភពព័ត៌មាន បញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៦ មានបុរសជនជាតិជប៉ុនម្នាក់ជាថៅកែភោជនីយដ្ឋានជប៉ុននៅកម្ពុជា បានអូសទាញនារីខ្មែរចំនួន១០នាក់យកទៅធ្វើការនៅប្រទេសជប៉ុន ដោយអះអាងថាប្រាក់ខែក្នុងពី៣ ០០០ទៅ៥០០០ដុល្លារអាមេរិក ។
ពេលនិយាយត្រូវរ៉ូវគ្នាហើយជនជាតិជប៉ុនបានឲ្យនារី១០នាក់នោះខ្ចីប្រាក់មុនម្នាក់៥០០ដុល្លារ សម្រាប់ទុកឲ្យម្តាយឪពុកប្រើប្រាស់ក្នុងជីវភាពគ្រួសារ ។ លុះពេលទៅដល់ប្រទេសជប៉ុន ពួកនាងត្រូវបានគេបង្ខាំងទុកមួយកន្លែង និងបានដកហូតយកលិខិតឆ្លងដែន(ប៉ាស្ព័រ) ហើយបង្ខំឲ្យធ្វើជាស្រីបម្រើផ្លូវភេទ នៅប្រទេសជប៉ុន ។ ដោយម្នាក់ៗបានធ្លាក់ខ្លួនទៅជាស្រីពេស្យាចារក៏ខិតខំប្រើងប្រែងរកធ្យោបាយទាក់ទងស្ថានទូតខ្មែរនៅស្រុកជប៉ុននិងបានទូរស័ព្ទផ្តល់ព័ត៌មានមកក្រុមគ្រួសារ ដើម្បីឲ្យដឹង ពីការចាញ់ល្បិចកលជនបោកប្រាស់នាំទៅធ្វើស្រីពេស្សាចារនៅប្រទេសជប៉ុន ។
ក្រោយពីទទួលបានព័ត៌មាន នគរបាលនាយកដ្ឋានប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមនុស្ស៣នាក់នៅរាជធានីភ្នំពេញ តែម្ដង៕ ចេស្តា