ភ្នំពេញ ៖ ស្រ្តីម្នាក់និងបក្ខពួក២នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនពីបទឆបោកលុយនិងប្រើអំពើហឹង្សា ពាក់ព័ន្ធទៅនឹងការធានាទិញពន្ធផ្លូវរថយន្តតាមចិញ្ចើមផ្លូវ(ប្រគល់រួចហើយតែមិនឲ្យពន្ធផ្លូវ) ។
ករណីឆបោកខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចខាងក្រោយក្រសួងសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ តាមផ្លូវលេខ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីដែលឆបោកពីកាេលក់ពន្ធរថយន្តតាមចិញ្ចើមផ្លូវនោះឈ្មោះ គឹម អេង អាយុ៤៧ឆ្នាំ មុខរបរលក់ដូរនៅចំណុចកើតហេតុ ស្នាក់នៅផ្ទះលេខ៤៤០ ផ្លូវនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន ៖ ប័ណ្ណបើកបររថយន្តចំនួន១០សន្លឹក,ប័ណ្ណសំគាល់យានយន្តចំនួន៦សន្លឹក,អត្តសញ្ញាណប័ត្រចំនួន៤សន្លឹក,បង្កាន់ ដៃបង់ពន្ធរថយន្តឆ្នាំ២០១៥ចំនួន២សន្លឹក,វិញ្ញាណប័ណ្ណត្រួតពិនិត្យបច្ចេកទេសចំនួន១សន្លឹក,សៀវភៅចំនួន១ក្បាល និងឯកសារផ្សេងៗមួយចំនួន ។ចំណែកបក្ខពួក២នាក់ទៀដែលឃាត់ខ្លួនពីបទប្រើអំពើហឹង្សានោះទី១ឈ្មោះគឹម លាងហេង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស នឹងម្នាក់ទៀតឈ្មោះគឹម លាងស ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២ស្នាក់នៅសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។រីឯជនរងគ្រោះឈ្មោះយ៉ាន់ វ៉ាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (រងរបួសក្បាលដោយសារជនសង្ស័យគប់)និងជនរងគ្រោះម្នាក់ទៀតឈ្មោះង៉ែត ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្តឲ្យលោកឧញ៉ាកម្នាក់ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ចាញ់បោកលុយអស់ចំនួន២៥មុឺនរៀល)។
ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង៨ព្រឹក ជនរងគ្រោះឈ្មោះង៉ែត ចំរើន បានបើករថយន្តមកដល់កន្លែងកើតហេតុដើម្បីទិញពន្ធផ្លូវរថយន្តពេលមកដល់បានជួបនិងស្រ្តីសង្ស័យ បាននិយាយលួងលោមថាប្តីរបស់គាត់ជាអ្នកធ្វើការនៅក្រសួងសាធារណៈការ ហើយធានាថាទិញពន្ធផ្លូវរថយន្តឲ្យជនរងគ្រោះក្នុងតម្លៃ២៥មុឺនរៀល រួចជនរងគ្រោះបានប្រគល់លុយឲ្យជនសង្ស័យ និងនិយាយថាថ្ងៃស្អែកនិងយកពន្ធនោះឲ្យ ពេលទទួលបានលុយហើយស្រ្តីសង្ស័យចេះតែគេចខ្លួន ហើយពេលដែលជនរងគ្រោះមកជួបចេះតែសន្យាថ្ងៃនេះថ្ងៃនោះ។ លុះដល់ថ្ងៃទី៧ ខែកុម្ភះនេះ ជនរងគ្រោះបានមកជួបស្រ្តីជនសង្ស័យម្តងទៀត ក៏បានឈ្លោះប្រកែកគ្នា ដោយបក្ខពួកក្រុមជនសង្ស័យបានយកដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាល ភ្លាមនោះកម្លាំងសមត្ថកិច្ចនៅក្បែរនោះជួយអន្តរគមន៍ចាប់ជនសង្ស័យទាំងបីនាក់នោះមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការតាមនិតីវិធីច្បប់ ។ហើយចំពោះករណីខាងលើនេះដែលគេសន្និដ្ឋានថាទីតាំងខាងលើនេះនៅតែមានការលក់ក្រដាក់ពន្ធនិងធ្វើប័ណ្ណបើកបរក្លែងក្លាយដដែរ បើទោះបីជាសមត្ថកិច្ចធ្លាប់បង្រ្កាបទីតាំងធ្វើក្រដាក់ពន្ធនេះកន្លងមកក៏ដោយ ប៉ុន្តែនៅមិនទាន់អស់នោះទេ ។
បច្ចប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា