កីឡាករ Ronaldinho ត្រូវបានផ្តល់ តំណែងជាអគ្គរដ្ឋទូតរបស់ក្លិប Barcelona ក្រោយចាកចេញជិត១០ឆ្នាំ ។
ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល៥ឆ្នាំជាកីឡាកររបស់ក្លិប Barcelonaពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៨។ ពេលនេះគាត់បានវិលត្រឡប់មកកាន់ទឹកដី Nou Camp សាជាថ្មី ម្តងទៀតពុំមែនជាកីឡាករអាជីពទៀតឡើយ តែជាអ្នកតំណាងឲ្យក្លិបដើម្បីជួយផ្សព្វ ផ្សាយឈ្មោះក្លិបឲ្យកាន់តែល្បីល្បាញនៅលើពិភពលោក ។
Ronaldinhoបាននិយាយថា “ខ្ញុំរំភើបខ្លាំងណាស់ចំពោះតំណែងនេះដោយពុំមានមនុស្សច្រើនទេ ដែលមានឱកាសធ្វើជាអគ្គរាជទូតរបស់ក្លិបBarcelona។ ខ្ញុំនឹងធ្វើអ្វីៗ ទាំងអស់ដែលខ្ញុំមាននៅទីនេះបន្ទាប់ពីចាកចេញទៅអស់រយៈពេលយ៉ាងយូរហូតមកដល់ពេលនេះ។ខ្ញុំនឹងព្យាយាមនាំយកឈ្មោះក្លិប Barcelonaទៅកាន់ពិភពលោក។ ពិសេសជាងនេះទៅទៀតគឺខ្ញុំបានពាក់អាវរបស់ក្លិបសាជាថ្មីម្តងទៀត” ។
កីឡាករវ័យ៣៦ឆ្នាំរូបនេះធ្លាប់ជួយ ក្រុម Barcelona ឈ្នះពានអេស្ប៉ាញ La Liga ឆ្នាំ២០០៥ និងឆ្នាំ២០០៦ ហើយ ឈ្នះពានរង្វាន់Champions League ក្នុង ឆ្នាំ២០០៦ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះគាត់បានជាប់ជាកីឡាករឆ្នើមរបស់ពិភពលោក២ឆ្នាំជាប់គ្នាគឺឆ្នាំ២០០៤និងឆ្នាំ ២០០៥ ។
ក្រោយចាកចេញពី Barcelona ក្នុងឆ្នាំ ២០០៨គាត់បានទៅលេងនៅក្នុងប្រទេសអុីតាលីជាមួយនឹងក្លិបAC Milan ចំនួន៣ ឆ្នាំ។ បន្ទាប់មកផ្លាស់ទៅលេងនៅក្នុងទឹកដីកំណើតប្រេស៊ីសជាមួយនឹងក្លិបFlamengo៕ ដេវីត