ភ្នំពេញ ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ទូទាំងប្រទេស ប្រចាំថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧ គិតត្រឹមវេលាម៉ោង១៦ និង០០នាទី សមត្ថកិច្ចបង្ក្រាបបានបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ចំនួន ២៦ករណី ឃាត់មនុស្ស ៥១នាក់ ( ស្រី ៨នាក់ ) ក្នុងនោះជួញដូរ ១៤ករណី ឃាត់ខ្លួន ៣០នាក់ ( ស្រី ៨ នាក់ ) និងប្រើប្រាស់ ១២ករណី ឃាត់មនុស្ស ២១នាក់ ( ប្រុស ) នេះបើយោងតាមលទ្ធផលផ្លូវការ នៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី១ ។
យោងតាមរបាយការណ៍ដដែលប្រាប់បន្តឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កាលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងនោះ កម្លាំងអាវុធហត្ថ បង្ក្រាបករណីជួញដូរ ចំនួន ៣ករណី ឃាត់មនុស្ស ៦នាក់ អ្នកមានផ្ទុកសារធាតុញៀន ចំនួន ២១នាក់ ករណីជួញដូរ ០នាក់ លើ ៣០នាក់ និងករណីប្រើប្រាស់ ២១នាក់ លើ ២១នាក់ វត្ថុតាងចាប់យកសរុប រួមមាន មេតំហ្វេតាមីន ( ice ) ទម្ងន់ ៦,៥៧ក្រាម , ១១កញ្ចប់ធំ និង ៨៣កញ្ចប់តូច និងមេតំហ្វេតាមីន ( wy ) ចំនួន ៤គ្រាប់។
លទ្ធផលគ្រឿងញៀនទាំងអស់ ត្រូវបានសមត្ថកិច្ចមកពី ចំនួន ១០អង្គភាព ចូលរួមបង្ក្រាប ទី១.ខេត្តបាត់ដំបង ទី២.ខេត្តកំពត ទី៣.ខេត្តកណ្ដាល ទី៤.ខេត្តពោធ៍សាត់ ទី៥.ខេត្តព្រះសីហនុ ទី៦.ខេត្តតាកែវ ទី៧.ខេត្តឧត្តរមានជ័យ ទី៨.ខេត្តប៉ៃលិន ទី៩.ខេត្តព្រះវិហារ និងទី១០.រាជធានីភ្នំពេញ។
ដោយឡែកនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះដែរ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ តំណាងលោក បុឹល កុសល អភិបាលខណ្ឌនិង
មានការចូលរួមពី នគរបាលប៉ុស្តិ៍និងខណ្ឌ កម្លាំងកងរាជអាវុធមូលដ្ឋានខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ សាលាខណ្ឌសែនសុខ ជាច្រើននាក់ទៀត ដោយមានការបញ្ជាពីលោក ប៉ឹល កុសល អភិបាលនៃគណះអភិបាលខណ្ឌសែនសុខ ចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសគ្រឿងញៀន នៅតំបន់មុខ មន្ទីរពេទ្យព្រះកុសុមៈ ហៅ (ពេទ្យលោកសង្ឃ)ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាលទ្ធផលឃាត់ មនុស្សប្រុស ស្រី ចំនួន ១២នាក់ក្នុងនោះស្រីម្នាក់ ដកហូតថ្នាំញៀន មួយកញ្ចប់តូច។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព និងជាពិសេស ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងរយះពេល ១ខែ គឺខែកុម្ភៈ ឆ្នាំ២០១៧នេះ ធ្វើយ៉ាងណាឲ្យបទល្មើសគ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូកនេះ លុបបំបាត់អស់ទាំងស្រុង ហេតុដូច្នេះហើយ អាជ្ញាធរខណ្ឌសែនសុខ ដែលដឹកនាំដោយលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ តែងតែណែនាំទៅដល់កងកម្លាំងទាំងអស់ក្នុងខណ្ឌ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន ។
លោក ហោ វាសនា អភិបាលរងខណ្ឌបានមានប្រសាសន៍ថា ក្នុងប្រត្តិបត្តិនេះគឺមានពីចំណុចទី១ត្រូវតែបង្ក្រាបអ្នកប្រើប្រាស់និងអ្នកជួញដូរគ្រឿងញៀនទី២បាញ់ថ្នាំតាមបន្ទាប់ជួលដែលកន្លងមកសមត្ថកិច្ចបានបិតផ្ទះនិងបន្ទប់ជួលជាបណ្តោះអាសន្នចំនួន៥៣បន្ទប់ដែលរដ្ឋាលខណ្ឌបានបោះលេខសម្គាល់រួមហើយនោះត្រូវតែធ្វើការរុះរើដោយខ្លួនឯងដោយទុករយះពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៧ដល់ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧ក្នុងករណីម្ចាស់ផ្ទះទាំងនេះមិនព្រមអនុវត្តតាមខ្លឹមសារខាងលើនេះទេគណៈបញ្ជាការឯកភាពរដ្ឋាលខណ្ឌសែនសុខនិងចាត់វិធានការរដ្ឋាលតាមផ្លូវច្បាប់និងធ្វើការរុះរើផ្ទះនិងបន្ទប់ជួលដោយមិនទទួលខុសត្រូវលើការខូចខាតរឺបាត់បង់ទ្រព្យសម្បត្តិនិងសម្ភាររបស់បងប្អូនឡើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០១៧ នេះ សមត្ថកិច្ចចម្រុះ ឃាត់បានជនសង្ស័យ ចំនួន ១២នាក់ ក្នុងនោះ ស្រី ១នាក់ ចាប់យកវត្ថុតាងថ្នាំញៀន ចំនួន ១កញ្ចប់តូច ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ តុង សីហា