នគរបាលឃាត់ខ្លួនបុរសម្នាក់បង្កហិង្សាក្នុងគ្រួសារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការនគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃញី ឃាត់ខ្លួនបុរសម្នាក់ ខណៈបុរសរូបនេះបង្កហិង្សាក្នុងគ្រួសារ និងបង្កហិង្សាជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃញី ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីព្រលប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដួងជ្រុំ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ។

នគរបាលក្រុងពោធិ៍សាត់បានបង្ហើបឱ្យដឹងថា ជនសង្ស័យបែកមុខបែកមាត់ឈាមកកលើផ្ទៃមុខត្រូវបានគេស្គាលល់ឈ្មោះ ផយ សុខា ភេទប្រុស អាយុ ៣៧ឆ្នាំ មានប្រពន្ធនិងកូនប្រុស ០២នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នមានទីលំនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ប្រភពពីនគរបាលក្រុងខាងលើបន្តថា ហេតុការណ៍ខាងលើនេះបង្កឡើងដោយជនសង្ស័យជាប្ដី ត្រូវបានគេសង្ស័យស្រវឹងស្រាជោគជាំ ទើបបង្កហឹង្សាក្នុងគ្រួសារបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ខណៈនោះប្រពន្ធកូន និងសាច់ញាតិបានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍មូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ ប៉ុន្ដែត្រូវបានបុរសសង្ស័យរូបនេះដេញវាយនគរបាលរត់បាតជើងសព្រាត ទើបផ្ទុះកំហឹងរវាងជនបង្កនិងសមត្ថកិច្ចនគរបាលប៉ុស្តិ៍តែម្ដង ។

ប្រភពដដែលបន្តទៀតថា សមត្ថកិច្ចនគរបាលពុំបានតបតនឹងជនសង្ស័យ ខណៈឃើញស្ថានភាពគាត់កំពុងស្រវឹងជោគជាំនោះទេ ការបែកមុខមាត់ហូរឈាមនេះ អាចបណ្ដាលមកពីដួល ឬរត់បុកអ្វីៗ ប៉ុន្តែជនសង្ស័យបានប្រាប់អ្នកកាសែតនៅក្នុងកន្លែងឃុំខ្លួននៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ថា ការបែកមុខមាត់ហូរឈាមនេះ បណ្ដាលមកពីសមត្ថកិច្ចនគរបាលវាយគាត់ ទោះបីគាត់ស្រវឹងបន្តិចមានទំនាស់ក្នុងគ្រួសារក៏ជារឿងរបស់គាត់នោះដែរ ។

ប្រភពបញ្ជាក់បន្ថែមថា ករណីនេះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងសម្របសម្រួលគ្នាលាយល័ក្ខណ៍ជាអក្សរត្រឹមត្រូវ ដើម្បីបញ្ចប់បញ្ហា នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ៕ ប៉ឹម ពិន

...

photo_2017-02-09_10-42-49

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print