និស្សិតពេទ្យយោធាម្នាក់បោកយកព្រហ្មចារីនារីម្នាក់រហូតមានផ្ទៃពោះហើយដោះដៃមិនទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យ២០ឆ្នាំម្នាក់ បានចាញ់បោកបុរសជានិស្សិតពេទ្យយោធាម្នាក់បោកបញ្ឆោតថា អត់មានប្រពន្ធមានកូនទេ និងបានលួងលោមថា និងយកនាងធ្វើជាប្រពន្ធរស់នៅជាមួយគ្នាអស់មួយជីវិតរហូតនាងទន់ចិត្ត ព្រមប្រគល់ខ្លួនប្រាណដោយគ្មានការសោកស្ដាយជូនប្រុសកំពូលព្រាននោះរហូតមានផ្ទៃពោះ៥ខែស្រាប់តែបែកធ្លាយថា ប្រុសព្រាននោះមានប្រពន្ធថែមទាំងកូនរួចទៅហើយ មិនតែប៉ុណ្ណោះបានព្យាយាមដោះដៃចេញពីនាង មិនទទួលស្គាល់កូននៅក្នុងផ្ទៃ និងមិនបានអាល័យក្នុងពេលដែលរស់នៅជាមួយគ្នាអស់ រយៈពេល១ឆ្នាំកន្លះមកហើយនោះទេ។ ទីបំផុតនាងសុំតែ២០០ដុល្លារប៉ុណ្ណោះ ដើម្បីបញ្ចប់រឿងដោយនាង គិតថាធ្វើម៉េចនេះគឺជាកម្មពាររបស់នាង ។

ដោយសារតែបែបនេះនាងបានសម្រេចចិត្តធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីស្វែងរកអន្តរាគមន៍ ប៉ុន្តែនគរបាល មិនបានទទួលពាក្យបណ្ដឹងនោះទេ ដោយបានរុញឲ្យនាងទៅប្ដឹងខាងមន្រ្តីសាលាសង្កាត់ចោមចៅវិញ ដោយនគរបាលនិយាយថា នេះគឺជារឿងរដ្ឋប្បវេណី មិនមែនជារឿងព្រហ្មទណ្ឌនោះឡើយ។

ស្រ្តីខាងលើឈ្មោះតោង ស្រីនិច អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងបុរីប៊ុនហួរ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាង ជើង សង្កាត់ចោមចៅ ចំណែកឯប្រុសព្រានឈ្មោះ ស៊ុម សុធារ៉ា អាយុ៣៧ឆ្នាំ ជានិស្សិតពេទ្យយោធា នៅសាលាវិជ្ជសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ ជននេះមានប្រពន្ធនិងកូនរួចទៅហើយ និងបានបោកយកខ្លួនប្រាណនាងរងគ្រោះទៀត។

ស្រ្តីខាងលើបាននិយាយទាំងទឹកភ្នែកថា នាងនិងជននោះបានស្រលាញ់គ្នា និងរស់នៅជាមួយគ្នា អស់រយៈពេល១ឆ្នាំកន្លះមកហើយ ដោយមុនពេលនាងប្រគល់ខ្លួនប្រាណ ជននោះបានលួងលោមបោកបញ្ឆោតនាងគ្រប់បែបយ៉ាងទាំងអស់ ហើយជននោះបានកុហកថា ខ្លូនគេអត់មានប្រពន្ធកូនទេ និងយកនាងធ្វើជាប្រពន្ធអស់មួយជីវិត។ ដោយសារតែចាញ់ពាក្យលួងលោម ម្យ៉ាងថាអត់មានប្រពន្ធនោះ ទើបធ្វើឲ្យនាងលង់ស្នេហ៍រហូតក្បត់មេបា សុខចិត្តប្រគល់ខ្លួនប្រាណទៅឲ្យជននោះដោយគ្មានការសោកស្ដាយ និងចាត់ទុកជននោះ គឺប្ដីរបស់នាងទៅហើយ។

ប៉ុន្តែអ្វីដែលស្មានមិនដល់នោះគឺ នៅពេលក្រោយមកទើបនាងបានដឹងថាជននោះមានប្រពន្ធថែមទាំងកូនទៀតផង ហើយនៅពេលដែលដឹងថានាងមានផ្ទៃពោះ ស្រាប់តែជននោះបានដោះដៃចោលនាងទៅស្រវាស្រីថ្មីម្នាក់ទៀត។ ពេលនោះនាងបានសុំលុយតែ២០០ដុល្លារប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង ដោយគិតថា មិនចង់វែងឆ្ងាយតទៅទៀតនោះទេ ព្រោះនេះគឺជាកម្មរបស់នាង ហើយមុនដំបូងជននោះប្រាប់ ថាឲ្យ លុះក្រោយមកស្រាប់តែថា លែងឲ្យវិញទើបនាងអស់សង្ឃឹមកាន់តែខ្លាំង ហើយក៏បានសម្រេចចិត្តប្ដឹង ដើម្បីទាមទាររកយុត្តិធម៌ សម្រាប់ខ្លួននាងនិងកូនក្នុងផ្ទៃផងដែរ៕ សុខាសែនជ័យ

...

image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print