ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្បាលត្រាច និងប៉ុស្ដិ៍រដ្ឋបាលអន្សាចំបក់ ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីនារីក្រមុំចាស់ម្នាក់ ពីបទរំលោពសេពសន្ថវៈបានសម្រេច ។
ករណីឃាត់ខ្លួនជនល្មោភកាមនេះនគរបាលធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្ទះជនសង្ស័យ ក្បែរក្រុមហ៊ុនដាំដំឡូងមីចិន ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងទទួលផែននគរបាលយុត្តិធម៌បានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ អ៊ុម ហុង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូន ៥នាក់ក្នុងបន្ទុកគ្រួសារ។ ចំណែកនារីរងគ្រោះឈ្មោះ ជ.វ.ណ. អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ឃុំក្បាលត្រាច ស្រុកក្រគរ (ពិការភ្នែកទាំងសងខាង) ។
លោកវរសេនីយ៍ត្រីបានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ នេះបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីម្ដាយនារីរងគ្រោះ ។ នៅក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យបានចាប់នារីរងគ្រោះរំលោភបានសម្រេចចំនួន១លើក នៅក្បែរទ្រុងមាន់ខាងក្រោយផ្ទះចម្ងាយប្រមាណ៥ម៉ែត្រ ខណៈដែលម្ដាយនារីរងគ្រោះមិននៅផ្ទះ ហើយក្រោយពីរំលោភរួចជនរូបនេះបានគំរាមសម្លាប់បើសិនជានារីរងគ្រោះហ៊ានប្រាប់ម្ដាយនិងអ្នកជិតខាង។
លោកអធិការរងបញ្ជាក់ថា នៅក្នុងពាក្យបណ្ដឹងម្តាយនារីរងគ្រោះបានទាមទារសំណងជំងឺចិត្តពីជនសង្ស័យចំនួន ៥.០០០ដុល្លារ និងស្នើឲ្យសមត្ថកិច្ចផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យត្រូវបាននគរបាលស្រុកក្រគរកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមច្បាប់ ៕ ប៉ឹម ពិន