ភ្នំពេញ៖ ចាប់ពីខែកុម្ភៈនេះតទៅ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានដាក់ចុះនូវផែនការហ្វឹកហាត់ទៅតាមការ ជំរុញរបស់ក្រសួងអប់រំយុវជននិងកីឡាដែលមានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាសេនាធិការក្នុងការគ្រប់គ្រងកីឡាករកីឡាការិនី គ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស ។
លោក សំ បូរ័ត្ន គ្រូបង្វឹកក្រុមកីឡាករ ជម្រើសជាតិរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានអះអាងថា បច្ចុប្បន្នយើងមានកីឡាករជម្រើសជាតិ១០នាក់ស្ថិតក្នុងការប្រមូលផ្តុំ ដោយសហព័ន្ធរបស់លោកមានផែនការហ្វឹកហាត់ត្រៀមចេញទៅ ប្រកួតចំនួន៤ ព្រឹត្តិការណ៍នៅលើឆាកអន្តរជាតិសម្រាប់ឆ្នាំ២០១៧នេះក្នុងនោះមានព្រឹត្តិការណ៍ SCHOOL GAME នៅសិង្ហបុរី ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនៅប្រទេសកូដឌីវ័រ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យ នៅចិនតៃប៉ិ ។
លោកគ្រូជម្រើសជាតិរូបនេះបានបន្តទៀតថា សម្រាប់ព្រឹត្តិការណ៍ធំៗទាំង៤នេះ សហព័ន្ធបានត្រៀមកីឡាករឆ្នើម១០នាក់ដែលបានពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលកន្លងទៅថ្មីៗនេះ។ បច្ចុប្បន្នកីឡាករទាំង១០នាក់ហាក់មានកម្រិតបច្ចេកទេសកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងប្រកួតដកស្រង់បទពិសោធន៍ជាមួយរៀមច្បងចាស់ៗដែលជាអតីតកីឡាករវាយកូនឃ្លីលើតុនោះ។
គួររំលឹកថា កីឡាវាយកូនឃ្លីលើតុកម្ពុជាធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធិមួយគ្រឿង ពីព្រឹត្តិការណ៍ SCHOOL GAME នៅ ប្រទេសថៃលើវិញ្ញាសាប្រកួតជាក្រុមកាលពីឆ្នាំ២០១៦ ៕ សារីម