ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧នេះ អាជ្ញាធរខណ្ឌសែនសុខបន្តយុទ្ធនាការទ្រុងទ្រាយធំចុះជួយរុះរើផ្ទះនិងបន្ទប់ជួលដែលពាក់ព័ន្ធនិងបទល្មើសនាពេលកន្លងមក ជាពិសេសបទល្មើសគ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូកមុខពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ក្រោយពីទទួលបទបញ្ជាពីសម្តេចក្រឡាហោម ស ខេង ឲ្យបង្ក្រាបនិងបំបែកសបុកគ្រឿងញៀននៅតំបន់នេះឲ្យអស់រយៈពេល១ខែក្នុងអំឡុងខែកុម្ភៈនេះ។
ប្រត្តបត្តិការនេះដឹកនាំដោយលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ, លោក ហោ វាសនា, លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ, លោក មុត សុវណ្ណ នាយករដ្ឋបាលខណ្ឌ និងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ រួមទាំងកម្លាំងចម្រុះជាច្រើននាក់។
លោក បុឹល កុសល អភិបាលខណ្ឌបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសលើកទី១រយៈពេល៦ខែ ដោយឡែកសម្រាប់មូលដ្ឋានខណ្ឌសែនសុខរាជរដ្ឋាភិបាលបានកំណត់យកតំបន់ភូមិត្រពាំងឈូកខាងមុខពេទ្យលោកសង្ឃជាចំណុចក្តៅនៃបទល្មើសគ្រឿងញៀនដោយរយៈពេល១ខែគឺខែកុម្ភៈដើម្បីបោសសំអាតអ្នកជួញដូរចែកចាយនិងអ្នកប្រើប្រាស់ឲ្យអស់ទាំងស្រុង។
លោក បុឹល កុសល បានបញ្ជាក់ថា ចំនួនបន្ទប់ជួលទាំងអស់មាន១០៩បន្ទប់ ក្នុងនោះ៧៣បន្ទប់ ដែលជាប់ពាក់ព័ន្ធនិងបទល្មើសផ្សេងៗជាពិសេសបទល្មើសគ្រឿងញៀនត្រូវតែរុះរើជាបន្ទាន់ក្នុង៧៣បន្ទប់នោះមាន៣១បន្ទប់ដែលប្រជាពលរដ្ឋធ្វើការរុះរើដោយខ្លួនឯង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈបញ្ជាាការឯកភាពខណ្ឌបានចុះជួយរុះរើបន្ទប់ជួលបានមួយចំនួនហើយនៅសល់មួយចំនួនទៀតគណៈបញ្ជាការឯកភាពខណ្ឌនិងបង្កើតជាគណៈកម្មការចំរុះចុះធ្វើការរុះរើទាំងអស់ដោយមិនទទួលខុសត្រូវរាល់ការខូតខាតសម្ភារឡើយ។
គួរំលឹកថា កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈបញ្ជាាការឯកភាពណ្ឌបានចុះបង្ក្រាបនិងឃាត់ខ្លួនសង្ស័យមានជាប់ពាក់ព័ន្ធនិងករណីប្រើប្រាស់គ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូកនេះបានចំនួន១៨នាក់បន្ថែមទៀតយកទៅសាកសួរ និងធ្វើតេស្តរកសារធាតុញៀននៅអធិការដ្ឋានខណ្ឌសែនសុខ៕ តុង សីហា