បើបានជាជ្រុលឆាប់ចម្លងវប្បធម៌បរទេសឃាត់មិនឈ្នះទៅហើយនាយជាលសូមតែម្យ៉ាងចំពោះយុវវ័យយើងសុំកុំធ្វើអ្វីឲ្យហួសព្រំដែន និងជាន់ឈ្លីវប្បធម៌ប្រពៃណី ខ្មែរយើងឲ្យសោះ និងយ៉ាងហោចណាស់អាសូរដើមទ្រូងឪពុកម្តាយខ្លះផង ។
អ្នកណាក៏ដឹងដែរថា នៅថ្ងៃទី១៤កុម្ភៈ ជារៀងរាល់ឆ្នាំ គេប្រារព្ធថ្ងៃនេះជាទិវានៃ សេចក្តីស្រលាញ់ដែលមនុស្សមួយចំនួនចម្លងវប្បធម៌ពីអឺរ៉ុបមកសាបព្រោះនៅកម្ពុជាទាំងមិនដឹងខ្លួនជាងមួយទសវត្សមកហើយ។ យុវវ័យខ្លះបានច្នៃទិវានេះជាថ្ងៃបុណ្យ សង្សារទៅវិញដែលនេះធ្វើឲ្យពួកគេមានការភ័ន្តច្រឡំក្នុងទង្វើមិនគប្បីខ្លះផ្ទុយនឹងវប្បធម៌បរទេសដែលគេចាត់ទុកទិវានេះធ្វើឡើងសម្រាប់ដឹងគុណចំពោះមនុស្សជាទីស្រលាញ់ដូចជាឪពុកម្តាយ បងប្អូន ញាតិមិត្តជាដើម។ ផ្ទុយស្រឡះពីស្រុកខ្មែរយើងមានយុវ វ័យខ្លះកាឡៃទៅជាបុណ្យសង្សារដឹកដៃគូសង្សារចូលផ្ទះសំណាក់អូតែលដើម្បីបូជា ព្រហ្មចារីជូនគ្នាទៅវិញទៅមក ។
នាយជាលគិតថា មិនគប្បីយកទិវានេះធ្វើឲ្យឪពុកម្តាយ ឬអាណាព្យាបាលទឹកភ្នែក ក្រោយទិវានេះបានប្រព្រឹត្តទៅរំលងបាន៩ខែ១០ថ្ងៃនោះទេ ពោលគឺយុវតីតែម្តងនៅពេលដែលពួកនាងៗឃ្លានម្ជូរដោយអំណាចចាញ់កូននិងកូនកើតមកមិនស្គាល់មុខ ឪពុកមិនបានរៀបការស្របច្បាប់ដើម្បីបំពេញមុខឪពុកម្តាយនោះឡើយ។ ទាំងនេះ បានន័យថាកុំយកទិវានៃសេចក្តីស្រលាញ់ក្លាយជាទុក្ខបើមិនបានផ្តល់ការស្រលាញ់ក្នុងថ្ងៃនេះចំពោះគាត់ទេគ្រាដែលពិភពលោកគេធ្វើឡើងដោយការដឹងគុណចំពោះអ្នកមានគុណនោះ។
នាយជាលនិយាយបែបនេះចំពោះតែមនុស្សមួយចំនួនប៉ុណ្ណោះដែលពួកគេកំពុងភ្លើតភ្លើននឹងប្រពៃណីបរទេសមកជាន់ឈ្លីប្រពៃណីខ្មែរដ៏រុងរឿង ហើយពីមុនមកសុភាព នារីខ្មែរសូម្បីតែដើរក៏មិនឮសំពត់ផងចុះមកដល់សម័យនេះយុវតីខ្លះគ្រាន់តែស្គាល់ សង្សារ មិនបានមួយម៉ោងផងដឹកដៃគ្នាចូលផ្ទះសំណាក់អូតែលតើតម្លៃនារីខ្មែរទៅជាយ៉ាងណា?
យ៉ាងណាក៏ដោយយុវតីទាំងអស់គប្បីពិចារណាឲ្យមែនទែនកុំភ្លើតភ្លើន ឬភ្លាត់ ស្នៀត ក្នុងទិវានៃក្តីស្រលាញ់ចាញ់បោកប្រុសៗឲ្យសោះ៕ នាយជាល