ភ្នំពេញ៖ មហាជននានាបានរិះគន់អាជ្ញាធរ សង្កាត់ចោមចៅ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ យ៉ាងចាស់ ដៃ ពីបញ្ហាសំរាម ដែលត្រូវបានគេយកទៅបោះចោល យ៉ាងអនាធិបតេយ្យបំផុត នៅលើទ្រូងផ្លូវវេងស្រេង ដែលបានស្ថាបនារួច ដោយការក្រាលការ៉ូឡាយ៉ាងស្អាត និងមានដាក់បង្គោលភ្លើងព្រែកលម្អ និងបំភ្លឺផ្លូវផង នោះ ហើយមិនត្រូវបានអាជ្ញាធរខាងលើ ខ្វាយខ្វល់ ឬបើកភ្នែកមើល និងរកវិធានការទប់ស្កាត់ ឬក៏ដាក់ពិន័យ ទៅលើក្រុមអ្នក ដែលយកសំរាមទៅបោះចោលយ៉ាងអនាធិបតេយ្យទាំងនោះឡើយ។
ជាក់ស្ដែងគំនរសំរាមត្រូវបានគេប្រទះឃើញស្ថិតនៅជាហូរហែ នៅលើទ្រូងផ្លូវខាងលើនោះ ចាប់ពីចំណុច ផ្សារត្រពាំងថ្លឹង ហៅផ្សារយាយម៉េវ រហូតដល់ផ្សារកាណាឌីយ៉ា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសំរាមទាំងនោះ មួយចំនួនតូចត្រូវបានគេយកចេញពីតាមផ្ទះ និងមួយចំនួនធំទៀត ត្រូវបានគេយកចេញពីក្នុងផ្សារទាំងពីរខាងលើ យកទៅបោះចោលនៅលើទ្រូងផ្លូវនោះ តែម្ដង ដោយមិនបានគិតដល់ ការប៉ះពាល់សោភ័ណភាពផ្លូវ និងសុខភាពរបស់ប្រជាពលរដ្ឋទូទៅឡើយ។
ជាពិសេសអាជ្ញាធរ ទាំងសង្កាត់ចោមចៅ និងខណ្ឌពោធិ៍សែនជ័យតែម្ដង មិនដឹងថា ត្រូវថ្នាំសណ្ដំរបស់ ប្រធានផ្សារទាំងពីរខាងលើនោះ ឬមិនបានចាប់អារម្មណ៍ និងមើលមិនឃើញនោះឡើយ ទើបបណ្ដែត បណ្ដោយឲ្យមានការចោលសំរាម ដោយគ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ ឬរកទីតាំងសម្រាប់ចោល និងស្ដុក ឲ្យបានស្រួលបួលបែបនេះ។ ម្យ៉ាងទៀតសំរាមទាំងនោះត្រូវបានគេ យកទៅចោលនៅតាមគល់បង្គោលភ្លើង តែម្ដង ហើយបើមើល និងគិតឲ្យដល់ទៅ ពិតជាគួរឲ្យខ្មាស់អៀនចំពោះអ្នកដំណើរខ្លាំងណាស់ ជាពិសេស ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះ ហើយពុំដឹងថា តើដល់ពេលណា ទើបអាជ្ញាធរឈប់ មើលរំលង និងមើលឃើញពីបញ្ហាដ៏តូចតាចមួយនេះនោះឡើយ។
មិនតែប៉ុណ្ណោះ បើនៅតែមិនគិតគូរ ហើយនៅតែបណ្ដែតបណ្ដោយតទៅទៀតនោះ ទ្រូងផ្លូវ និងបង្គោលភ្លើង ដ៏ស្រស់ស្អាតខាងលើ នឹងក្លាយទៅ ជាចំណាប់ខ្មាំងរបស់ក្រុមអ្នកចោលសំរាមផ្ដេសផ្ដាស់ទាំងនោះជាក់ជាមិនខាន។ ជាងនេះទៀត ប្រសិនបើ អាជ្ញាធរសង្កាត់ និងខណ្ឌមិនអើពើ សូមឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយក្រឡេកមើលផង ព្រោះបទបញ្ជា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅមិនទាន់រលុប នៅឡើយ ដែលបានណែនាំឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ មុនពេលចូលធ្វើការ «ត្រូវចុះមើល»ហើយបញ្ហាមើល ផ្លូវនេះ មិនមែនមើលតែផ្លូវខូចមួយមុខប៉ុណ្ណោះទេ គឺមើលពីសោភ័ណភាពផ្លូវផងដែរ ៕ សុខាសែនជ័យ