ខេត្តកំពង់ចាម៖ ផលិតកម្មបុត្រាបានប្រមូលផ្តុំសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានដើម្បីថតបទចម្រៀង ចង្វាក់ប្រជាប្រិយខ្មែរចំនួន២០បទ ដើម្បីត្រៀមចេញលក់នៅលើទីផ្សារនាឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ការជួបជុំនេះត្រូវបានធ្វើឡើងចាប់ពីព្រឹកថ្ងៃទី១១ខែគុម្ភៈនេះនៅតំបន់ភ្នំដិលនាទឹកដីនៃខេត្តកំពង់ចាម។
ជាតារាចម្រៀង និងជាអ្នកគ្រប់គ្រងទូទៅរបស់ផលផលិតកម្មបុត្រាអ្នកនាងឃិត សំម៉ាលីស បានឲ្យដឹងថាខាងផលិតកម្មបុត្រាបានចំណាយដើមទុនប្រមាណមួយម៉ឺនដុល្លារអាមេរិកសម្រាប់ថតកម្មវិធីបទចម្រៀងទុក ចូលឆ្នាំខាងមុខនេះ។
អ្នកនាងថាផលិតកម្មបានប្រមូលតារាថ្មីចាស់ប្រុសស្រីជាច្រើនរូបមកសម្តែងរាំកម្សាន្តនូវបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរយើង។ នាងថាបទចម្រៀងថតទុកនេះមានប្រមាណ២០បទដែលសម្រាំងជូនទស្សនិកជនដោយយើងគ្រោងលក់នៅលើទីផ្សារនៅអំឡុងពាក់កណ្តាលខែមីនាឬចុងខែដោយរំពឹងថាបងប្អូនជួយគាំទ្រនូវវ៉ុលចម្រៀងពិសេសនេះ។ ក្រៅពីវ៉ុលចម្រៀងប្រពៃណីខ្មែរផលិតកម្មបុត្រាក៍មានបទចម្រៀងបែបស្នាដៃកូនខ្មែរនិពន្ឋដោយកូនខ្មែរស្របតាមទីផ្សារបច្ចុប្បន្ននេះផងដែរធានាថាទាក់ទាញផងដែរ។ ផលិតកម្មបានសម្រេចចិត្តជ្រើសរើសតំបន់ស្រុកស្រែចំការដែលមានទេសភាពស្រស់ស្អាតដើម្បីផលិតបទចម្រៀង ដោយមានទាំងការសម្តែងជាសាច់រឿង និងការច្រៀងរាំកម្សាន្តសប្បាយ។
គួរបញ្ជាក់ដែរថាតារាមានវត្តមានច្រៀងរាំរួមមានលោករតនៈ ពិសិដ្ឋ លោកបញ្ញាសិដ្ឋ លោកម៉ាដូណា លោមជុំ ជឿន លោកសុវណ្ណនេត លោកឆាយ៉ា ឆានុន លោកយូរី កញ្ញាដួង ម៉ានិច កញ្ញាលី ច័ន្ទសីហា អ្នកនាងស៊ុន ណារីម៉ូនីកា កញ្ញាហេង ស្រីពេជ្រ កញ្ញា កុល ដាវីនិងតារាជាច្រើនដួងទៀត៕ វឌ្ឍនា