ភ្នំពេញ៖ រូបថត Pre-Wedding របស់តារាចម្រៀង និងសម្តែង មុន្នី ឌីយ៉ាម៉ង់ជាច្រើនសន្លឹកដែលបង្ហាញពីការចូលរួមជួយសង្គម ដូចជាការចែកអាហារ ការផ្សព្វផ្សាយពីការចូលរួមការពារបរិស្ថាន និងការទទួលទានអាហារជាមួយអ្នកបោសសម្រាមរបស់កម្មករក្រុមហ៊ុនស៊ិនទ្រីបានទាក់ទាញការចាប់អារម្មណ៍ខ្លាំង។ តារារូបនេះស្នើឲ្យមហាជនមេត្តាបន្តចូលរួមជួយសង្គមតាមរយៈការចែករំលែកជួយគ្នា និងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពពេលធ្វើដំណើរតាមដងផ្លូវ។
តារចម្រៀង សម្តែង និងជាអ្នកលេងសៀករហ័សកម្ម លោក មុន្នី ឌីយ៉ាម៉ង់ បានសម្រេចចិត្តចូលរោងការនិងកញ្ញា ឈួ ស្រីពៅនៅថ្ងៃទី១២ ខែកុម្ភៈនេះហើយ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់ប្រមាណ៥ឆ្នាំរួចមក។ ពិធីទទួលភ្ញៀវនៅល្ងាចថ្ងៃដដែលនេះដែរនៅមជ្ឈមណ្ឌលកោះពេជ្រអាគាL។ ក្នុងថ្ងៃរៀបការនេះដែរតារាប្រុសរូបនេះបានបង្ហាញនូវរូបភាពនិងសកម្មភាពសង្គមនានា និងស្នើឲ្យមហាជនចេះជួយនិងចែករំលែកក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមក។
តារា ចម្រៀងប្រចាំក្រុមDe5inite រូបនេះលើកឡើងថា អ្នកសិល្បៈមិនច្រើននោះទេដែលលោកអញ្ជើញឲ្យចូលរួមគឺមានតែអ្នកជិតដិតដែលខានមិនបានតែប៉ុណ្ណោះ។ លោកថា ដោយសារខែនេះគឺជាខែដែលអ្នកសិល្បៈ និងផលិតករមមាញឹកច្រើននឹងកម្មវិធីប្រគុំតន្ត្រីនៅតាមខេត្តក្រុងនានា ហើយកម្មវិធីមង្គលការលោកចំថ្ងៃអាទិត្យទៀតទើបលោកមិនហ៊ានរំខានច្រើន។ លោកថា អ្នកសិល្បៈប្រមាណ៥តុប៉ុណ្ណោះដែលនឹងមានវត្តមាននៅល្ងាចនេះ។
ជាមួយគ្នានេះលោកក៏សុំទោសចំពោះការសម្រេចចិត្តមិនអញ្ជើញពួកគាត់ព្រោះតែដឹងពីធុរៈរបស់អ្នកសិល្បៈដូចគ្នា។ លោកថា Pre-Wedding របស់លោកដែលដាក់តាំងបង្ហាញក្នុងថ្ងៃរៀបការគឺស្ថិតក្នុងន័យជួយក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមជួយសង្គមទាំងអស់គ្នាទោះតិចក្តីច្រើនក្ដី។ លោកធ្លាប់បានឃើញរូបថត Pre-Wedding របស់គូស្នេហ៍ភាគច្រើនទៅថតនៅសមុទ្រ តាមតំបន់ភ្នំ ឬវាលទំនាបជាដើម ប៉ុន្តែសម្រាប់លោកវិញ រូបថត Pre-Wedding របស់លោក អ្វីដែលនឹកឃើញមុនគេគឺសង្គម ដោយគិតថា នេះជាគំនិតមួយប្លែក ក៏ដូចជាបានចូលរួមចំណែកផ្សព្វផ្សាយពីសង្គមផងដែរ។
លោកក៏សូមធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមកិច្ចការងារសង្គមទៅតាមលទ្ធភាព ទាំងការចែករំលែកចំណេះដឹង បទពិសោធន៍ ធនធាន ចូលរួមថែរក្សារការពារបរិស្ថាន និងសូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន៕ វឌ្ឍនា