ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តទទួលយកសំណើសុំធ្វើវិសោធនកម្មច្បាប់ចំនួនពីរ។ សេចក្តីស្នើវិសោធនកម្មច្បាប់ទាំងពីរ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍បានអនុម័តទទួលយកមកសិក្សានេះ មាន ទី១គឺ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិ និងទី២ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ។
សេចក្តីស្នើវិសោធនកម្មច្បាប់ទាំងពីរនេះ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រគល់ជូនគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យនិងសិក្សា ដោយ សហការ ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ពីលទ្ធផល៕