ទីតាំងលក់ឆ្នោតកន្ទុយលេខមួយកន្លែងដែលគេដឹងសឹងតែគ្រប់គ្នាថាជាមេឆ្នោតធំនៅក្នុងខេត្តកំពង់ចាមនិងត្រូវបានគេហៅថាចែមុំៗដែលមានទីតាំងស្ថិតនៅខាងក្រោយរោងមហោស្រពខេត្តកំពង់ចាមក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម កំពុងតែលក់យ៉ាងមមាញឹកញាប់ដៃញាប់ជើងដោយមិនខ្លាចរអាសមត្ថកិច្ចបន្តិចសោះឡើយ ។
បើទោះជាមានការចុះចាប់ជាច្រើនដងមកហើយក្ដីក៏ហាក់ដូចជាមានការត្រូវរ៉ូវគ្នា ដដែលៗ។ ដោយក្រោយពេលសមត្ថកិច្ចចុះចាប់ហើយកន្លែងលក់ឆ្នោតមួយនេះនៅតែបើកលក់ជាធម្មតាមានអ្នកចូលចាក់ជាហូរហែដដែល។ រហូតមកទល់ពេលនេះគេមិនទាន់ឃើញមានការបង្ក្រាបណាមួយពីសំណាក់សមត្ថកិច្ចនៅឡើយទេ។
ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា កន្លែងលេងឆ្នោតនេះគឺបើកជាយូរមកហើយហើយមិនដែលមាននរណាហ៊ាននោះប៉ះទេ។ ប្រជាពលរដ្ឋសំណូមពរលោកអភិបាលខេត្តកំពង់ចាម និងកម្លាំងសមត្ថកិច្ចជាពិសេសលោកស្នងការនគរបាលខេត្តដែលទើបតែឡើងកាន់តំណែងថ្មីៗលោក ឯម កុសល មេត្តាជួយចាត់ការរឿងល្បែងស៊ីសងនេះផងព្រោះថាវាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្តិសុខ ភូមិឃុំមានសុវត្តិភាព បង្កជាអំពើ ចោរកម្ម លួច ឆក់ ប្លន់ថែមទៀតផង ណាមួយកន្លែងចាក់ឆ្នោតនេះស្ថិតនៅជិតសាលារៀនផងដែរដែលជាគំរូអាក្រក់មួយសម្រាប់ប្អូនៗជាសិស្សសាលា ៕