ករណីរឹត-ក សម្លាប់​កូនស្រី​មន្រ្តីរដ្ឋសភា​ប្លន់យក​ទ្រព្យសម្បត្តិ​ នៅ​ច្បារ​អំពៅ​ ,​ តុលាការ​ចោទប្រកាន់​ពូ​បង្កើត​ជា​ផ្លូវ​ការ​

ចែករំលែក៖

ភ្នំពេញ ៖ ករណីរឹត-ក សម្លាប់កូនស្រីមន្រ្តីរដ្ឋសភាប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅ រហូតមកទល់រសៀលថ្ងៃទី១៣ ខែកុម្ភៈ នេះ តុលាការបានចោទប្រកាន់ពូបង្កើតរបស់ជនរងគ្រោះ ជាផ្លូវការ ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា លោក ងិន ពេជ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះ ពៅ វុទ្ធី អាយុ២៤ឆ្នាំ ពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។

មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ បទល្មើស ឃាតកម្ម កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលស្រុកកៀនស្វាយ បានចុះដកហូតវត្ថុតាងជាគ្រឿងអលង្ការនិងទូរស័ព្ទនៅផ្សារគគីរ ស្រុកកៀនស្វាយ ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះជាកូនមន្ដ្រីរដ្ឋសភា ដែលត្រូវបានឃាតក សម្លាប់ប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅហើយយកទៅលក់នៅទីនោះ។

មន្ដ្រីនគរបាលបានឲ្យដឹងថា វត្ថុតាងដែលដកហូតបានរួមមាន៖ កងដៃផ្លាកទីនចំនួន១ ដកហូតពីឈ្មោះ អ៊ី ណារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករលក់មាស និងទូរស័ព្ទដៃម៉ាក iPhone 5 ០១គ្រឿង ដកហូតពី ឈ្មោះ ងួន សៅមុនី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ទូរស័ព្ទ។

ដោយឡែកអ្នកទិញ និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅដើម្បីបន្តនីតិវិធី។

គួររំលឹកថា ករណីកូនស្រីមន្រ្តីរដ្ឋសភា ត្រូវគេចូលទៅរឹត-ក សម្លាប់ប្លន់យកទ្រព្យសម្បត្តិដល់ក្នុងបន្ទប់ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាល តាមចាប់ជនដៃដល់បានហើយ គឺជាពូបង្កើតរបស់ជនរងគ្រោះតែម្តង។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មរឹត-កសម្លាប់ប្លន់ យកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងជំនាញ សហការគ្នា រហូតតាមចាប់ ជនសង្ស័យ បាននៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ ។

លោកបានបញ្ជាក់ថា «យើងបានហើយធ្វើការស្រាវជ្រាវនិងមានកាំម៉ាសុវត្ថិភាព ហើយសហការ ជាមួយកងរាជអាវុធ ហត្ថខណ្ឌច្បារអំពៅ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ក៏ឈានទៅដល់ការ ឃាត់បានបុរសជនសង្ស័យជា ជនដៃដល់ត្រូវជាពូបង្កើតតែម្តង»។

សម្រាប់មូលហេតុវិញ ជនសង្ស័យបានសារភាពថា មកពីខ្វះខាតលុយដើម្បីចិញ្ចឹមគ្រួសារ។

នារីកូនរបស់មន្រ្តីរដ្ឋសភា ត្រូវជនល្មើសមិនស្គាល់អត្តសញ្ញាណ ចូលទៅរឹត-កសម្លាប់ចោលដល់ក្នុងបន្ទប់ដេក ប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោងជាង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

អំពើប្លន់សម្លាប់នេះ បានកើតឡើងនៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

សពនារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនដៃដល់យកខ្សែភ្លើង រឹត-កបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក។

តាមសេចក្តីរាយការណ៍ពីជិតខាង បានឲ្យដឹងថា អំពើឃាតកម្មនេះ បានដឹងដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំង។ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់៕

IMG_1320 IMG_1321 IMG_1362

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print