ភ្នំពេញ៖ ទីតាំងស្ដុកកម្ទេចកម្ទីរនៅក្នុងរោងចក្រផលិតស្បែកជើង យ៉ាងដុង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ អង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានភ្លើងឆាបឆេះឡើង យ៉ាងសន្ធោរ សន្ធៅ បង្កឲ្យឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៥៥នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលសង្ស័យបណ្ដាលមកពី ការបោះចោលកន្ទុយបារី គ្មានសណ្ដាប់ធ្នាប់ពីបុគ្គលណាម្នាក់ ដែលជាអ្នកបម្រើ ការងារនៅក្នុងរោងចក្រនោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កម្ទេចកម្ទីរជាច្រើនតោន ដែលគេគរទុកនៅក្នុងទីតាំងខាងលើនោះ ត្រូវ បានភ្លើងឆាបឆេះឡើង នៅក្នុងខណៈពេលដែលកម្មករកម្មការិនី បម្រើការនៅទីនោះបានឈប់សម្រាកនិង ចាកចេញទៅផ្ទះអស់ នៅសល់តែបុគ្គលិកជនជាតិចិន និងក្រុមសន្តិសុខយាមរោងចក្រនោះតែប៉ុណ្ណោះ។ ពេលនោះដោយសារតែកម្ទេចកម្ទីរ សុទ្ធតែជាគ្រឿងជ័យ និងស្បែកនោះបានធ្វើឲ្យមានការឆាបឆេះ យ៉ាងឆាប់រហ័សបំផុត និងមានផ្សែងហុយយ៉ាងខ្លាំង ភ្លាមៗនោះខាងក្រុមបុគ្គលិកជនជាតិចិន រួមជាមួយកម្លាំងសន្តិសុខ បាននាំគ្នាដងទឹកអូសតាមរទេះ ទៅជះពន្លត់ប៉ុន្តែមិនអាចពន្លត់ឈ្នះនោះឡើយ។
ប្រភពដដែលបានបន្តថា ការពន្លត់នោះមានរយៈពេលប្រមាណ ១៥នាទីមិនអាចឲ្យភ្លើងថមថយបានឡើយ រហូតមានការអន្តរាគមន៏ពី កម្លាំងអាជ្ញាធរនិងនគរបាល មូលដ្ឋានរួមជាមួយរថយន្តពន្លត់អគ្គីភ័យចំនួន ៦គ្រឿងទៅបាញ់ពន្លត់ ទើបភ្លើងរលត់ទៅវិញនិងមិនបានរាលដាលដល់អាគាររោងចក្រ ដែលមានផ្ទុកសុទ្ធ តែម៉ាស៊ីសង្វាក់ផលិតកម្ម ដែលស្ថិតនៅក្បែរនោះទៀត៕ សុខាសែនជ័យ