ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះរួមមាន មន្រ្តីជំនាញផ្នែករដ្ឋបាលជលផលក្រគរ,សង្កាត់រដ្ឋបាលជលផលកំលួង,កងរាជអាវុធហត្ថខេត្ត, យោធាខេត្ត,និងសហគមន៍នេសាទ បានសហការគ្នាចុះបង្រ្កាបបទល្មើសនេសាទ រឹបអូសបានវត្ថុតាង(អួនកែច្នៃ និងមធ្យោបាយ) រីឯជនប្រព្រិត្តបានរត់គេចខ្លួនបាត់ស្រម៉ោល។
ប្រតិបត្តិការខាងលើនេះអនុវត្តន៍ឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបឹងទន្លេសាប ត្រង់ចំណុចជញ្ជាំងឡូត៍អភិរក្សជលផល (កំពងុប្រាក់)ក្បែផ្លូវទឹក ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងបានឲ្យដឹងថា លទ្ធផលក្នុងយុទ្ធនាការកម្លាំងសហការគ្នាបង្រ្កាបបទល្មើសនេសាទខាងលើនេះដែរ រួមមាន បាឡាសំបកកាវ(ស្មាច់)ភ្ជាប់ម៉ាសុីនចំនួន២គ្រឿង១គ្រឿងបណ្ដោយប្រវែង៧,២ម៉ែត្រ គុណនិងទទឹងប្រវែង ១,០០ម៉ែត្រ គុណនិងជម្រៅ ០,៧ម៉ែត្រ ភ្ជាប់ម៉ាសុីនម៉ាក ហុីណូតា កម្លាំង១៨សេះ និង០១គ្រឿងទៀតបណ្ដោយប្រវែង៨,៤ម៉ែត្រ គុណនឹងទទឹងប្រវែង ១,០០ម៉ែត្រ គុណនឹងជម្រៅ ០៨ម៉ែត្រ។ លោក នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងបន្តថា ក្នុងនោះមានឧបករណ៍ បទល្មើសនេសាទប្រភេទ(អួនកែច្នៃអូសទឹកសាប)ចំនួន ០២វង់ផងដែរ ដោយក្នុងមួយវង់ៗមានមុខប្រវែង ២៥ម៉ែត្រ គុណនឹងជម្រៅប្រវែង២០ម៉ែង ក្រឡាចាប់ពី ០,០២ ដល់ ០,០៣ហ៊ុន និងខ្សែនីឡុងសម្រាប់អូសទាញប្រវែង ២០០ម៉ែត្រ។
លោក បន្តទៀតថា ចំពោះវត្ថុតាងកាណូត និងឧបករណ៍បទល្មើសនេសាទ ដែលកម្លាំងធ្វើការបង្រ្កាបនិងរិបអូសខាងលើ បានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកំពង់លួង ដើម្បីរងចាំអនុវត្តន៍តាមនីតិវិធីស្តីពីច្បាប់រដ្ឋជលផល ចំពោះជនសង្ស័យបានប្រព្រិត្តយើងកំពុងស្រាវជ្រាវ ៕ បឹុម ពិន