លិខិតមិត្តអ្នកអាន៖ សូមកោតសរសើរ និងអរគុណបងៗសមត្ថកិច្ច

ចែករំលែក៖

អ្វីដែលនាងខ្ញុំចង់និយាយនៅពេលនេះគឺសូមកោតសរសើរដោយស្មោះ និងថ្លែង អំណរគុណដល់បងៗសមត្ថកិច្ចដែលរយៈពេលប្រមាណ២ខែនេះបានខិតខំបំពេញ ភារកិច្ចការងារបោសសម្អាតជនសេព ចែកចាយ ជួញដូរថ្នាំញៀន បង្ក្រាបក្រុមចោរលួច ប្លន់ និងល្បែងសុីសងដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

តាមពិតទៅសមត្ថកិច្ចមិនមែនទើបតែបង្ក្រាបក្រុមចោរលួច ប្លន់ ឃាត់ខ្លួនជនដែលពាក់ព័ន្ធថ្នាំញៀន និងល្បែងសុីសងនោះទេ ពោលគឺសមត្ថកិច្ចបានបំពេញភារកិច្ចនេះ តាំងពីយូរមកហើយៗធ្វើជាប្រចាំផងដែរ។ ក៏ប៉ុន្តែរយៈពេល២ខែនេះនាងខ្ញុំសង្កេតឃើញសកម្មភាពរបស់សមត្ថកិច្ចបំពេញភារកិច្ចប្រចាំថ្ងៃហាក់ដូចជាសកម្មជាងមុន និងធ្វើការងារនេះមានប្រសិទ្ធភាព ខណៈប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការតឹងរឹុងឲ្យក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡាហោម ស ខេង ជារដ្ឋមន្ត្រីផងនោះត្រូវតែលុបបំបាត់អំពើអសន្តិសុខ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបាន។ ក្រោយពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលរួចមកឃើញថា ការងារដែលសមត្ថកិច្ច ធ្វើកំឡុង២ខែនេះមានស្នាដៃល្អ ជាពិសេសចាប់បានជនដែលពាក់ព័ន្ធថ្នាំញៀន បង្ក្រាប ចោរលួចប្លន់ និងអ្នកលេងល្បែងសុីសងបានជាច្រើននាក់។

នេះជាជោគជ័យមួយដែលនាងខ្ញុំសង្កេតឃើញ ហើយខុសប្លែកជាសព្វមួយដង ដែលកន្លងមកបញ្ហាចោរលួច ប្លន់ ល្បែងសុីសង បញ្ហាគ្រឿងញៀននៅរាជធានីភ្នំពេញ និងខេត្ត-រាជធានីទូទាំងប្រទេសមានសកម្មភាពរស់រវើក ហាក់ដូចជាសមត្ថកិច្ចមិនបាន ធ្វើការងារអ្វីសោះ ឬធ្វើដែរតែលុមៗ និងលាក់លៀមទៀតផង។ ព្រោះកន្លងមកនាងខ្ញុំ គ្រាន់តែលើកពីសង្កាត់ស្ទឹងមានជ័យដែលទីស្នាក់អាស្រ័យរបស់នាងខ្ញុំឃើញថា ក្នុង សង្កាត់នេះ ជាពិសេសនៅវេលារំលងអធ្រាត្រតែងតែឃើញចោរលួចប្លន់ធ្វើសកម្មភាព គាស់ផ្ទះសម្បែងប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ប្លន់ម៉ូតូដោយបានបាញ់សម្លាប់ម្ចាស់ ទ្រព្យជាដើម។ ជួនកាលនាងខ្ញុំសង្កេតឃើញចោរដើរពេលយប់វាហាក់បីដូចជាមិនខ្លាច អ្វីសោះបើទោះជាត្រង់កន្លែងដែលចោរដើរមានភ្លើងបំភ្លឺយ៉ាងណាក៏ដោយក៏គេដើរ ហាក់បីដូចជាមិនកោតខ្លាចដែរ។

ខ្ញុំយល់ឃើញថា ចោរដែលធ្វើសកម្មភាពមិនកោតខ្លាចបែបនេះច្រើនតែជាពពួក ចោរញៀនថ្នាំ នេះជាគ្រោះថ្នាក់ធំសម្រាប់ប្រជាពលរដ្ឋយើង ប្រសិនបើចោរមិនញៀន ថ្នាំទេនោះម្ល៉េះសមគេញញើតសមត្ថកិច្ច និងប្រជាពលរដ្ឋជាមិនខានឡើយ។ ទាំងនេះ គ្រាន់តែជាឧទាហរណ៍ដែលខ្ញុំលើកមកជម្រាបជូន ប៉ុន្តែឥឡូវសុវត្ថិភាពគ្រាន់បើជាង មុនបន្តិចវាហាក់បីដូចជាផ្តល់នូវអារម្មណ៍កក់ក្តៅជូនប្រជាពលរដ្ឋបានមួយកម្រិតដែរ តែមិនមែនមានន័យថា ប្រជាពលរដ្ឋបាត់រងានោះទេ ពោលគឺប្រជាពលរដ្ឋនៅតែរងាដដែលទេ។ តែទោះបីជាយ៉ាងណាសូមឲ្យការចាត់វិធានការបង្ក្រាបក្រុមចោរលួច ប្លន់ ល្បែងសុីសង បញ្ហាគ្រឿងញៀនធ្វើឡើងឲ្យបានតឹងរុឹងជាមុនៗបើធ្វើដើម្បីតែប្រជា ប្រិយភាពជិតបោះឆ្នោតធ្វើរបៀបជាវែកចកទេនោះច្បាស់ណាស់ថាសកម្មភាពអសន្តិសុខនៅតែកើតមានឡើងវិញ ហើយបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតនិងការបាត់បង់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតែជាបន្ទុកធ្ងន់ធ្ងរសម្រាប់សង្គមជាតិយើងដដែល។

ម្យ៉ាងទៀតយុទ្ធនាការបោសសម្អាតបង្ក្រាបសកម្មភាពចោរលួច ប្លន់ ល្បែងសុីសង បញ្ហាថ្នាំញៀនបើធ្វើឡើងមុននេះ១៥ឆ្នាំ ម្ល៉េះរ៉ាសង្គមជាតិយើងមិនបាត់បង់អាយុជីវិត ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិច្រើននោះទេ។ តែទោះយ៉ាងណាក៏ដោយនេះបង្ហាញឲ្យ ឃើញនូវសមិទ្ធផលល្អរបស់សមត្ថកិច្ចដែលខិតខំបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន បានល្អ ហើយវាកាន់តែល្អថែមទៀតប្រសិនបើសមត្ថកិច្ច ជាពិសេសក្រសួងមហាផ្ទៃ ពង្រឹងវិធានការការពារ បង្ក្រាបសកម្មភាពទុច្ចរិតជាប្រចាំផងនោះអំពើអបាយមុខនឹងកាត់បន្ថយ ហើយឈានទៅរកក្តីវិនាសជាមិនខាន នេះហើយជាអ្វីដែលប្រជាពលរដ្ឋគ្រប់រូបចង់បាន ៕

...

tong (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print