ស៊ីដាច់លុយក្រុមហ៊ុនរាប់ពាន់ដុល្លារនិងម៉ូតូ១គ្រឿងព្យាយាមគេចខ្លួន៥ថ្ងៃ ចុងក្រោយជាប់ខ្នោះដៃ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបុរសរូបនោះបានស៊ីដាច់លុយក្រុមហ៊ុនរាប់ពាន់ដុល្លារនិងម៉ូតូ១គ្រឿងហើយព្យាយាមគេចខ្លួនបាន៥ថ្ងៃ ក្រោយមកក៏ត្រូវបានម្ចាស់ក្រុមហ៊ុនឃើញនាំខ្លួនយកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខក្រុមហ៊ុន(ហៀល អាត) នៅផ្ទះលេខ១៩CEO ផ្លូវលេខ២៤២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះប្រាក់ សំពិសិដ្ឋ ភេទប្រុស អាយុ៤៤ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន(ហៀល អាត)ស្នាក់នៅផ្ទះលេខ៥E2z ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះឈ្មោះសូរា ច័ន្ទរិទ្ធ ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្រុមហ៊ុនកើតហេតុ បាត់បង់លុយចំនួន(៤៦៦៥)ដុល្លារនិងម៉ូតូ១គ្រឿង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានឲ្យម៉ូតូទៅជនសង្ស័យខ្ចីដើម្បីជិះបម្រើការងារក្រុមហ៊ុន ក្រោយមកជនសង្ស័យបានដើរប្រមូលលុយ តែមិនប្រគល់ឲ្យក្រុមហ៊ុននោះទេ ដោយយកលុយនោះទៅដោះស្រាយបញ្ហាគ្រួសារ ។ ចំណែកឯម៉ូតូបានយកទៅបញ្ជាំនៅផ្សារឃ្លាំងរំសេវរួចរត់គេចខ្លួនបាត់។ លុះនៅថ្ងៃទី១៥ ខែកុម្ភៈ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ពេលនោះជនសង្ស័យកំពុងនៅមុខក្រុមហ៊ុន (កន្លែងកើតហេតុ)ជនរងគ្រោះឃើញក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស តារា

...

IMG_5380

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print