វិស័យអប់រំ ជាឃ្លាំងទ្រព្យសម្រាប់យុវជន-យុវនារីខ្មែរ ដើម្បីកសាងអនាគតគ្រួសារនិងសង្គម

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា វិស័យអប់រំ ជាឃ្លាំងចំណេះដឹង និងជាទ្រព្យសម្បត្ដិ មហាសាល មិនអាចខ្វះបានសម្រាប់ សង្គមគ្រួសារ និងសង្គមជាតិ ។ វិស័យអប់រំប្រកបដោយវិជ្ជាជីវៈ គឺជាបុព្វបទ សម្រាប់កសាងសង្គមមួយប្រកបដោយនិរន្ដរភាព ក្នុពេលបច្ចុប្បន្ន និងទៅអនាគត ។

លោកស្រី ម៉ែន  សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច  និងជាតំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បានបញ្ជាក់បែបនេះ ខណៈលោកស្រីចូលរួមសម្ពោធដាក់ឲ្យដំណើរការសិក្សារៀនសូត្រសាលាមធ្យមសិក្សា NEESON CRIPPS ១ខ្នង ៥ជាន់ មាន៣២បន្ទប់ ចំណាថវិកា អស់ប្រមាណជាង៣លានដុល្លារ របស់អង្គការមូលនិធិកុមារកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ វិស័យអប់រំកំពុងអនុវត្ដផែនការយុទ្ធសាស្ដ្រលប់បំបាត់អក្ខរកម្ម ឆ្នាំ២០១៧ ដល់២០២០ ដោយបុព្វហេតុនេះ រាជរដ្ឋាភិបាល និងនូវតែបន្ដផ្ដល់ការលើកទឹកចិត្តដល់អង្គការ ស្ថាប័នឯកជន នានាបន្ដធ្វើជាដៃគូរជាមួយសាលារដ្ឋ ព្រោះថា វិសយ័អប់រំជាកម្លាំងដឹកនាំចរិយាធម៌សង្គមឲ្យមនុស្សគ្រប់រូបនៅទូទាំងពិភពលោក ពិសេសបញ្ជាក់អំពីអរិយធម៌យ៉ាងច្បាស់របស់ប្រទេសនីមួយៗ។ មិនតែប៉ុណ្ណោះការអប់រំទាំងអស់ក៏បានចូលរួមដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយផងដែរ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖  ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៥ជាន់ ស្មើ៣២បន្ទប់ របស់អង្គការមូលនិធិកុមារកម្ពុជា គឺស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិដោយឈរលើទស្សនៈអភិរក្សដែលជាកម្លាំងដឹកនាំចរិយាធម៌សង្គម។

ជាមួយគ្នានេះ ដែរលោកស្រីក៏បានសំណូមពរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអប់រំបន្តចូលរួមបំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បរួមគ្នាគាំទ្រជំរុញមិនឲ្យមាននរណាម្នាក់នៅក្រៅសេវាអប់រំ  និងត្រូវបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឲ្យក្លាយជាធនធានមនុស្ស ដែលមានសមត្ថភាព និងជំនាញខ្ពស់គ្រប់ៗគ្នាប្រកបដោយសក្ដានុពលសម្រាប់ពេលអនាគត ។

លោកស្រី ក៏បានពាំនាំនូវប្រសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ថា ការពង្រឹងគុណភាពវិស័យអប់រំ គឺត្រូវផ្សារភ្ជាប់ជាមួយវិស័យឯកជនផងដែរ  ។ ការបើកទីផ្សារទូលាយលើវិស័យអប់រំនេះក៏ដើម្បីលើកកម្ពស់គុណភាពចំណេះដឹង និងធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ ។

លោក ពិត ចំណាន  រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា៖ ក្រសួងអប់រំរួមជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដ៏ទៃទៀត បានប្ដេជ្ញាចិត្ដ ខិតខំពង្រឹងការអនុវត្ដគោលនយោបាយយុទ្ធសាស្ដ្រ កម្មវិធីដែលបានកំណត់កន្លងមក និងបញ្ចូលនូវអាទិភាព និងសកម្មភាពការងារថ្មីៗ ក៏ដូចជាវិធានការកំណែទម្រង់អាទិភាព១៥ចំណុច ដោយឈរលើមូលដ្ឋានសសរស្ដម៥ របស់ក្រសួងអប់រំយុវជន និងកីឡា ។

លោកបន្ដថា ៖ ចាប់ពីពេលនេះតទៅក្រសួងអប់រំ ក៏ដូចក្មួយប្អូនៗយុវជនយើងត្រូវបន្ដរួមគ្នាយ៉ាងជិតស្និទ្ធរក្សាការពារដើម្បីសេចក្តីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកនូវវប្បធម៌ជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើរហិង្សាជាដើម។

ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន សំអន ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាថវិកា សរុប២០លានរៀលជូនអង្គការមូលនិធិកុមារកម្ពុជានាពេលនេះផងដែរ៕ សំរិត

...

image9 image7 image5 image6 image3 image4 image1 image2 image8

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print