ភ្នំពេញ៖ មន្ត្រីតុលាការ ថ្លែងថា ស្ត្រីម្នាក់ជាថៅកែក្រុមហ៊ុនទេសចរណ៍យីហោ ស្រីរ័ត្នអន្តរជាតិនិងទួរីស ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៧ ចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ករណីឆបោកប្រាក់អតិថិជនជាង២០ម៉ឺនដុល្លារ ។
បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទ បានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
មន្ត្រីតុលាការ បញ្ជាក់ថា ស្ត្រីរូបនេះឈ្មោះ រស់ សុធីរ័ត្ន អាយុ៣៥ឆ្នាំ ។
មន្ត្រីអាវុធរាជធានីរាជធានីភ្នំពេញ បានឲ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីអតិថិជនធ្វើការ Live Video ដោយនិយាយថា ក្រុមហ៊ុននេះបានបោកប្រាស់គាត់ ខណៈដែលគាត់បានប្រគល់លុយថ្លៃសំបុត្រយន្តហោះឲ្យគ្រប់ចំនួនដល់ក្រុមហ៊ុន ដើម្បីចាត់ចែងទិញសំបុត្រ ទើបដឹងប្រាកដថា ក្រុមហ៊ុនខាងលើ បោកប្រាស់អតិថិជនឆៅៗតែម្ដង។ ប៉ុន្តែពេលទៅដល់ព្រលានយន្តហោះ បែរជាគ្មានឈ្មោះឡើងយន្តហោះសោះ។
ប្រភពបន្តថា ជនរងគ្រោះបានទៅរកម្ចាស់ក្រុមហ៊ុន ដល់សាខាមួយទៀត ដើម្បីទាម ទារការដោះស្រាយ តែពុំមានចំណាត់ការ ណាមួយ ពីក្រុមហ៊ុនឡើយ ហើយនៅពេលទៅដល់ក៏មានអតិថិជនផ្សេងទៀត ជួបរឿងដូចៗគ្នាដែរ ដែលក្នុងនោះមានទាំងជនជាតិឥណ្ឌា ជនជាតិជប៉ុន និងខ្មែរជាច្រើននាក់ទៀតផងដែរ។
មន្ត្រីដដែលបន្តទៀតថា ក្រុមហ៊ុននេះបោកប្រាស់ ក្នុងការទិញសំបុត្រយន្តហោះ តាំងពីមួយខែមុន មកម្ល៉េះ រហូតដល់ថ្ងៃហោះហើរគ្មានឈ្មោះក្នុងSystem របស់airlines ក្រុមហ៊ុនស្រីរ័ត្ន។ ភ្ញៀវទេសចរ ដែលត្រូវធ្វើដំណើរចាកចេញ ទៅប្រទេសក្រៅ ក្នុងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានទិញសំបុត្រពីក្រុមហ៊ុននេះ ចំនួន ៤សំបុត្រ ក្នុង១តម្លៃ១០៩៥ដុល្លារ។
ប្រភពបន្តថា ខណៈពេលនោះម្ចាស់ឈ្មោះស្រី រត្ន័ បានលួងលោមអតិថិជន ឲ្យទៅ airport សិនដោយសន្យាដល់ម៉ោងcheck-in មានឈ្មោះក្នុង system ហើយដល់ម៉ោងត្រូវចេញដំណើរគ្មានឈ្មោះត្រូវទៅ ” share please” សោះ ទើបដឹងច្បាស់ថាក្រុមហ៊ុននោះបោកមែន ។
បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងកងរាជអាវុធហត្ថក៏ បានចាប់ស្ត្រីម្ចាស់ក្រុមហ៊ុននោះចាត់ការតាមនីតិវិធីហើយ ក៏មានអតិថិជន ជាច្រើនខ្មែរ និងបរទេសជាច្រើននាក់ទៅប្តឹងបន្ថែមដល់ទីបញ្ជាការដ្ឋានអាវុធហត្ថទាំងយប់ ៕ ចេស្តា