ភ្នំពេញ៖ កីឡាការិនី ហេង ម៉ីជូ អ្នករត់ចម្ងាយ១០គីឡូម៉ែត្រអាជីពរបស់កម្ពុជា បានប្រាប់ឲ្យដឹងថា ចំពោះព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុនាឆ្នាំ២០១៧នេះនាងរំពឹងថាអាចរក្សាកំណត់ត្រាឆ្នាំចាស់បាន ខណៈ ដែលបច្ចុប្បន្ន ហេង ម៉ី ជូហាក់ពុំសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការហាត់ត្រៀម ដូចមុនៗនោះទេ ។ ហេង ម៉ីជូ បានបញ្ជាក់ ថា មូលហេតុរូបនាងមិនហានរំពឹងបង្កើត គុណផលថ្មីនៅព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ ព្រោះ បច្ចុប្បន្នការហ្វឹកហាត់របស់នាងពុំបាន គ្រប់គ្រាន់ដូចពេលមុននោះទេ ព្រោះ“ខ្ញុំមានការងារមមាញឹកច្រើនដូចជាការសិក្សា និង ការមើលថែរក្សាជីតាមានជំងឺសម្រាកនៅមន្ទីរពេទ្យធ្វើឲ្យគុណផលរបស់ខ្ញុំប្រែប្រួលខុសពីឆ្នាំមុនៗច្រើន” ។
ហេង ម៉ីជូ បញ្ជាក់បន្ថែមថា អ្វីដែល លើសពីនេះគឺការប្រមូលផ្តុំបំប៉នសមត្ថភាពឆ្នាំនេះ “នាងខ្ញុំត្រូវកាត់ចោលគ្មានឈ្មោះប្រមូលផ្តុំនោះទេ ដោយសារនាងខ្ញុំជាប់ភារកិច្ចទៅសិក្សានៅប្រទេសថៃរយៈពេល៤ឆ្នាំលើជំនាញគ្រប់គ្រងកីឡាតាមរយៈ អាហារូបករណ៍ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា” ។
គួររំលឹកថា កាលពីឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុ កីឡាការិនី ហេង ម៉ីជូ រត់តំណាងឲ្យសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាប់ចំណាត់ថ្នាក់លេខ២ លើវិញ្ញាសា រត់ចម្ងាយ១០គីឡូម៉ែត្រដោយចាញ់កីឡាការិនីរបស់ប្រទេសថៃ ៕ សារីម