រដ្ឋមន្ត្រីក្រសួងអប់រំគាំទ្រឲ្យមានក្លិបការ៉ាតេដូថ្មីនៅតាមសាលារៀន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានគាំទ្រ ឲ្យមានការបង្កើតក្លិបការ៉ាតេដូថ្មីៗនៅតាមសាលារៀនមួយចំនួនដែលមានលទ្ធភាពបង្កើតដើម្បីជំរុញឲ្យវិស័យកីឡាកម្ពុជាកាន់តែរីកចម្រើនឆ្ពោះទៅស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការថ្លែងបែបនេះនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងកម្ម វិធីបើកក្លិបកីឡាការ៉ាតេដូថ្មីនៅសាលារៀនអន្តរជាតិ CIA First កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយលោករដ្ឋមន្ត្រីថ្លែងគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតក្លិបកីឡាមួយនេះដើម្បីបណ្តុះបណ្តាលធនធានកីឡាករកីឡាការិនីថ្នាលឲ្យកាន់តែ សម្បូរបែបសម្រាប់ជាតិនាថ្ងៃអនាគត ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ការ បង្កើតក្លិបថ្មីនេះនឹងបានជាប្រយោជន៍ថ្មីៗបន្ថែមក្នុងការបណ្តុះធនធានថ្មី និងអភិវឌ្ឍវិស័យកីឡាការ៉ាតេដូនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ជាពិសេសដើម្បីឈានទៅរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នាឆ្នាំ២០២៣ ខាងមុខ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

លោកឧកញ៉ា ត្រាំង លី ប្រធានក្រុមប្រឹក្សា ភិបាលសាលាអន្តរជាតិ CIA First បាន មានប្រសាសន៍ដែរថា ការបង្កើតក្លិបកីឡាការ៉ាតេនៅសាលានេះ ដើម្បីផ្តល់ជូនដល់សិស្សានុសិស្សរបស់លោកក្រៅពីការសិក្សាមកលេងកីឡាដើម្បីសុខភាពល្អកម្លាំងមាំមួនថែមទាំងបានរួមចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជាឲ្យរីកដុះដាលតាមយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

លោក ឡាច ចាន់សុវណ្ណ ប្រធានសាលា គុនការ៉ាតេដូវ៉ាដូរីយ៉ូនិងជាគ្រូបង្វឹកផងនោះបានគូសបញ្ជាក់ថា ដោយមានការលើកទឹកចិត្តយ៉ាងខ្លាំងពីលោករដ្ឋមន្ត្រី ក្រសួងអប់រំ ក៏ដូចជានាយកសាលា CIA First ទើបរូបលោក មានកម្លាំងចិត្តផ្តល់ការហ្វឹកហាត់ជូនដល់កីឡាករកីឡាការិនី ថ្នាលនៅក្នុងក្លិបថ្មីនេះដែលជាជំហានដំបូងមានយុវជន យុវនារី ចូលរួមហ្វឹកហាត់ប្រមាណ ៥០នាក់ ៕ សារីម

...

kvando

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print