ខេត្តបន្ទាយមានជ័យ ៖ បុរសសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពសម្លាប់ប្រពន្ធខ្លួន ឯងអូសចូលក្នុងបន្ទប់ទឹកដោយយកខ្សែក្រវ៉ាត់រឹតក បន្ទាប់ពីប្តីប្រពន្ធទាំង២នាក់កើតជម្លោះនិងគ្នាសង្ស័យប្តីប្រចណ្ឌប្រពន្ធ ចោទថាមានប្រុសថ្មី។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី មុយ សារិត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀងប្រាប់ឱ្យដឹងថា៖បុរសជាសង្ស័យរងការចាប់ឃាត់ខ្លួនមានឈ្មោះ ង៉ូវ សុខលីន អាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ ខឿន ចំរើន អាយុ៣៥ឆ្នាំ ប្រកបមុខរបរលក់ដូរ ពួកគេរស់នៅភូមិ ឃុំខាងលើ។
លោកប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុ រវាងប្តី្រពន្ធទាំង២នាក់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងបុរសជាប្តីប្រចណ្ឌប្រពន្ធ ដោយចោទប្រពន្ធថាមានទំនាក់ទំនងជាមួយប្រុសផ្សេង។ ក្រោយពីរឿងជម្លោះនោះហើយបុរសជាប្តីក៏បានធ្វើសកម្មភាពចាប់ប្រពន្ធរឹតកនិងខ្សែក្រវ៉ាត់ បណ្តាលឱ្យស្រ្តីជាប្រពន្ធស្លាប់ហើយអូសសពចូលក្នុងបន្ទប់ទឹក។លុះបន្ទាប់មកជនសង្ស័យជាប្តីក៏រត់គេចខ្លួនបាត់ ទើបមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនៅក្បែរនោះ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀងប្រាប់ឱ្យដឹងទៀតថា ជនដៃដល់ជាឃាតករក្រោយពីសម្លាប់ប្រពន្ធរួចហើយក៏ឡើងជិះម៉ូតូរត់គេចខ្លួនទៅផ្ទះម្តាយបង្កើតនៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។លោកក៏បានដឹកនាំកម្លាំងដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យនៅផ្ទះម្តាយបង្កើតរបស់គេ ហើយបញ្ជូនមកសាកសួរនៅមូលដ្ឋានការដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង។ជនសង្ស័យក្រោយពីសាកសួរនិងកសាងសំណុំរឿងរួចហើយនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នា២០១៧ កម្លាំងអាវុធហត្ថស្រុកកំរៀងចាប់បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវូហត្ថខេត្តបាត់ដំបង ដើម្បីយកទៅចាត់ការតាមនីតិវិធីច្បាប់៕ សំ វិច្ឆិកា