ភ្នំពេញ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសថា នឹងសហការជាមួយ អាជ្ញាធររាជធានីភ្នំពេញ ត្រៀមបោសសម្អាត កន្លែងជួញដូរ គ្រឿងញៀនចំនួន ៥តំបន់ទៀត បន្ទាប់ពីបង្ក្រាប បទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងតំបន់ត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លៃ ខណ្ឌសែនសុខ ស្ទើរទទួលបាន ជោគជ័យទាំងស្រុង ។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងក្នុងពិធីផ្សព្វផ្សាយ ផែនការស្តីពី យុទ្ធនាការប្រឆំាងគ្រឿងញៀន ខុសច្បាប់លើកទី១ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នាក្រសួងព័ត៌មានថា តំបន់ទាំង៥នោះ មានតំបន់ចាក់ដីបឹងទំពុន, តំបន់ផ្លូវរទះភ្លើងបឹងកក់, តំបន់ស្ទឹងមានជ័យ, តំបន់រោងចក្រឆ្នាំង និងតំបន់ច្បារអំពៅជាដើមដែលពេលនេះសមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេតតំបន់គ្រឿងញៀនដ៏ស្មុគស្មាញទាំងនោះនៅឡើយ ។
លោកឿត្តមសេនីយ៍បានបញ្ជាក់ថា “មកដល់ពេលនេះ តំបន់ត្រពាំងឈូក ស្ថិតក្នុងខណ្ឌសែនសុខ រំដោះបានជិត១០០ភាគរយ នៃបញ្ហាគ្រឿងញៀនដ៏ស្មុគស្មាញ ហើយអាជ្ញាធរគ្រោង រៀបចំតំបន់នោះ ឱ្យទៅជាតំបន់ដែលមាន សណ្តាប់ធ្នាប់រៀបរយ កុំឱ្យកើតបទល្មើស គ្រឿងញៀនឡើងវិញ នៅពេលអនាគត” ។
តាមតួលេខរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យដឹងថារយៈពេល៤៦ថ្ងៃ នៃការអនុវត្តផែនការស្ដីពី យុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនលើកទី១ ដើមឆ្នាំ២០១៧នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើស ជួញដូរចែកចាយ និងប្រើប្រាស់ គ្រឿងញៀនបាន ១៦៦១ករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ៣៦៩៦នាក់ ។ ដោយឡែកនៅថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសជួញដូររក្សាទុក និងប្រើប្រាស់នៅទូទាំងប្រទេសបានចំនួន ៣៤ករណី ឃាត់មនុស្ស ៨៥នាក់៕ ប្រាថ្នា