ភ្នំពេញ៖ តារាសម្តែងស្រីអន រ៉ាស៊ីសុមេត្តា ហៅណូម័រ កាន់តែលេចធ្លោរខ្លាំងជាមួយនឹងការងារសិល្បៈពិសេសក្រោយពីនាងទទួលបានការងារច្រើនទាំងសម្តែង និងពិធីករ។ ផ្ទុយពីការសប្បាយចិត្តនឹងការងាររីកចម្រើនតារាស្រីរូបនេះលើកឡើងកាន់តែអាណិតម្តាយដែលដើរតាមថែស្ទើរគ្រប់ជំហ៊ានមិនថាយប់ថ្ងៃ។
ការងារសិល្បៈរបស់ណូម័រ បានស្ទុះងើបឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឆ្នាំនេះនាងទទួលបានការសម្តែងភាពយន្តថ្មីចំនួន៤រឿងដែលសុទ្ធសឹងជាតួអង្គសំខាន់។ នាងថារឿងទាំង៤នោះមានដូចជារឿង”មន្តស្នេហ៍ក្រមុំបាយឆា” រឿង “ម្តាយក្មេករើសកូនប្រសា” រឿង “កំលោះយំក្រមុំសើច” និងរឿង “ទេពធីតាសម្រាម”។ នាងបញ្ជាក់ថារឿងខ្លះត្រូវថតទាំងថ្ងៃទាំងយប់ហើយអ្វីដែលធ្វើឲ្យនាងនឹកឃើញ និងស្រណោះខ្លាំងគឺម្តាយដែលតែងតាមទៅថតគ្រប់ទីកន្លែងមិនថាត្រជាក់ឬក្តៅ។
នាងថាអារម្មណ៍របស់នាងពិតជាអាណិតម្តាយដែលមានវ័យ៥៧ឆ្នាំហើយគួរតែបាននៅសម្រាកនៅផ្ទះឲ្យបានស្រួលខ្លួនតែបែរជាត្រូវមកតាមកូនស្រីគ្រប់ច្រកល្ហក។ នាងបន្តថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលនាងចូលសិល្បៈម្តាយនាងតាមស្ទើរគ្រប់ជំហ៊ាន។ នាងបញ្ជាក់ថា នាងយកម្តាយតាមខ្លួនគ្រាន់បានជាគ្នាពេលធ្វើដំណើរ ទៅណាមកណាមិនមែននាងនៅក្មេងទេ ហើយក៏មិនបង្កការលំបាក និងឲ្យម្តាយជួយការងារអ្វីទេសូម្បីតែយួរឬកាន់សម្លៀកបំពាក់។ នាងថាពេលខ្លះការចេញទៅខេត្តម្តងៗក៏ជាឱកាសដែលអាចនាំម្តាយសម្រាកលំហែផងដែរ។ អ្វីដែលធ្វើឲ្យនាងកាន់តែអាណិតនិងនឹកគុណម្តាយគឺតែងតាមមើលថែនាងដូចនាងកាលពីក្មេង និងតែងផ្តល់កម្លាំងចិត្តឲ្យនាងជានិច្ចគ្រាដែលនាងលំបាកចិត្ត។
តារាស្រីរូបនេះសន្យាក្នុងចិត្តថា នឹងឲ្យម្តាយរស់នៅដោយមានសេចក្តីសុខ សុភមង្គល និងដើរទៅតាមពាក្យអប់រំទូន្មានរបស់ម្តាយ ហើយនាងនឹងព្យាយាមបំពេញការងារសិល្បៈឲ្យកាន់តែល្អតបតាមការចង់បានរបស់អ្នកគាំទ្រ៕ វឌ្ឍនា