ភ្នំពេញ៖ ជនជាតិចិនចំនួន៥១នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួន បន្ទាប់ ពីសង្ស័យថាគ្មានសៀវភៅការងារ ចូលមកធ្វើការនិងស្នាក់នៅដោយខុស ច្បាប់ក្នុង ប្រទេសកម្ពុជា ។
ការឃាត់ខ្លួនជនជាតិចិនទាំង៥១នាក់នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដឹកនាំ បញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាន នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការនិងកម្លាំងនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ ព្រមទាំងមានការស ម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
យុទ្ធនាការត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ចូលមកស្នាក់នៅនិងធ្វើការងារខុសច្បាប់នេះបានធ្វើឡើង នៅចំណុចការឃ្លាំងអេតចាយមួយកន្លែង ស្ថិតលើផ្លូវជាតិលេខ១ ក្នុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនជនជាតិចិនទាំង៥១នាក់ ក្នុងនោះមានស្រី ១៤នាក់ សមត្ថកិច្ចត្រួតពិនិត្យឃើញអ្នកដែលមានឯកសារត្រឹមត្រូវតែ៣៦នាក់ ដោយឡែកអ្នកអត់ឯកសារមាន១៥នាក់ ក្នុងនោះស្រី៤នាក់ត្រូវបានបញ្ជូនខ្លួនមកកាន់នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់និង សុំការសម្រេចពីក្រសួងមហាផ្ទៃបណ្តេញចេញទៅប្រទេសកំណើតវិញ ៕ សណ្តោស