ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់ចេញ ពីញាុំការមិត្តភក្តិ ហើយស្រវឹងស្រាស្រឿងៗ ក៏បើករថយន្តជាន់ហ្គែ ស្មាន់តែហ្វ្រាំង ជ្រុលទៅបុករះម៉ូតូកំពុង ជិះបត់ឆ្លងផ្លូវ២គ្រឿង និងជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្បែរច្រកចូលប៉ុស្ដិ៍ស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AG.8653 បើកបរដោយប្ដីប្រពន្ឋពីនាក់ (តែប្រពន្ឋជាអ្នកបើក ) បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ អ្នកបើករថយន្តបង្កបានជាន់ហ្គែ ដោយច្រឡំស្មានថាហ្វ្រាំង ទើបជ្រុលចង្កូតទៅបុករះម៉ូតូហង់ដាឌ្រីម២គ្រឿងដែលកំពុងជិះឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ហើយរថយន្តបង្កបានទៅបុកផ្ទះប្រជាពលរដ្ឋដែលលក់ភេសជ្ជៈនិងម៉ូតូនៅក្នុងផ្ទះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើពុំមានរងរបួសធ្ងន់ គ្រន់តែរបួសស្រាលរលាត់ដៃជើងបន្តិចបន្ទួចប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កទាំង២នាក់ប្ដីប្រពន្ឋ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យចុះឃាត់ខ្លួននាំយកមកប៉ុស្ដិ៍ ក្នុងនោះក៏មានសាច់ញាតិក្រុមគ្រួសារម្ចាស់រថយន្តបង្កចុះមកអន្តរាគមន៍ ដោយបានសម្របសម្រួលជាមួយម្ចាស់ម៉ូតូទាំង២គ្រឿងនិងបានសងថ្លៃខូចខាត ក្នុងម៉ូតូ១គ្រឿងចំនួន១៥០ដុល្លារ និងមួយគ្រឿងទៀតចំនួន២០ដុល្លារ ។
បន្ទាប់ពីដោះស្រាយជាម៉ូតូរងគ្រោះរួចហើយ ក៏ខាងសាច់ញាតិរថយន្តបង្ក បានមកដោះស្រាយជាមួយម្ចាស់ផ្ទះរងគ្រោះម្ដង ដោយខាងម្ចាស់ផ្ទះទារសំណងថ្លៃខូចខាតចំនួន៨០០០ដុល្លារ តែខាងម្ចាស់រថយន្តបង្កថា ទាមទារហួសហេតុពេក ក៏បានឲ្យសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តបង្កនិងម្ចាស់ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ















